មេដឹកនាំ​កូរ៉េ​ខាងជើង​ថា មិន​មាន​សង្គ្រាម​ទៀត​ទេ​ដោយសារ​តែ​អាវុធ​នុយក្លេអ៊ែរ

លោក គីម ជុងអ៊ុន​ផ្តល់​យោបល់​ដល់​កសិដ្ឋាន​មាន់ Kwangchon ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​ កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​បាន​និយាយ​ថា នឹង​មិន​មាន​សង្គ្រាម​ទៀត​ទេ​ពីព្រោះ​តែ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ធានា​សុវត្ថិភាព និង​អនាគត​របស់​ខ្លួន ថ្វីបើ​មាន​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ខាង​ក្រៅ និង​ការ​គំរាមកំហែង​ខាង​យោធា​ក៏​ដោយ។ នេះ​តាម​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ។

ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ KCNA បាន​រាយការណ៍​ថា គីម ជុងអ៊ុន បាន​ធ្វើ​កំណត់​សម្គាល់​នេះ​នៅ​ពេល​ដែល​លោក​បាន​ប្រារព្ធ​ខួប​លើក​ទី៦៧​នៃ​ការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ១៩៥០​ដល់​ឆ្នាំ១៩៥៣​ដែល​ត្រូវ​ចំថ្ងៃទី​២៣ ​ខែកក្កដា​ ដោយ​មាន​ពិធីជប់លៀង​សម្រាប់​អតីត​យុទ្ធជន។

លោក​គីម​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA ដោយ​បាន​សង្កត់​ពី​កម្មវិធី​ការពារ​ប្រទេស​ថា ​កូរ៉េ​ខាង​ជើង​បាន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​រារាំង​កុំ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​មួយ​ទៀត។

លោក​គីម ជុងអ៊ុន បាន​និយាយ​ថា «ឥឡូវ​នេះ​ យើង​មាន​លទ្ធភាព​ការពារ​ខ្លួនឯង​នៅ​ក្នុង​ការ​ប្រឈម​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង និង​ការ​គំរាម​កំហែង​ខាង​យោធាគ្រប់​បែប​យ៉ាង​មក​ពី​ចក្រព័ទ្ធ​និយម​ និង​កម្លាំង​អរិភាព។

សុន្ទរកថា​នេះ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​មាន​ការ​ជាប់គាំង​ការ​ចរចា​ដែល​មាន​គោលបំណង​រុះរើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង យ៉ាង​នៅ​ក្នុង​ការ​ដោះដូរ​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​

លោក​គីម ជុងអ៊ុន​ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ជួប​គ្នា​ជា​លើកទី១​នៅ​ក្នុងឆ្នាំ​២០១៨ក្នុង​ប្រទេស​សិង្ហបុរី​ ដោយ​បាន​បង្កើន​ក្តីសង្ឃឹម​សម្រាប់​ការ​ចរចា​ដើម្បី​បញ្ចប់​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ក៏​ប៉ុន្តែ​ជំនួប​កំពូល​លើក​ទី២នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ២០១៩ ដែល​ជា​ជំនួប​កម្រិត​ការងារ​បាន​បរាជ័យ៕