គីម ​ជុង​អ៊ុន ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង

លោក​ គីម ជុនអ៊ុន ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​ក្រុង Dalian ប្រទេស​ចិន។

មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន ​បាន​ទៅ​ដល់​​ប្រទេស​ចិន​ដើម្បី​​ធ្វើ​ការ​ចរចា​​រយៈ​​ពេល​៤ថ្ងៃ​ជាមួយ​ប្រធានា​ធិបតី​ចិន ​លោក ស៊ី ​ជីនពីង។

មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន ​បាន​ទៅ​ដល់ប្រទេស​ចិន​ដើម្បីធ្វើ​ការ​ចរចារយៈពេល​៤ថ្ងៃ​ជាមួយ​ប្រធានា​ធិបតី​ចិន ​លោក ស៊ី ​ជីនពីង។

រទេះ​ភ្លើង​ពិសេស​មួយខ្សែ​ដែល​ដឹក​លោក​គីម​និង Ri Sol Ju ភរិយា​របស់​លោក​រួម​ជា មួយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ជា​ច្រើន​បាន​ទៅ​ដល់​រដ្ឋធានី​ប៉េកាំង​នៅព្រឹកថ្ងៃ​អង្គារ​នេះ ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ទីភ្នាក់​ងារ​ព័ត៌មាន​មជ្ឈឹម​របស់​កូរ៉េ​ខាង​ជើង ​បាន​ប្រកាស​ពី​ការ​ចាក​ចេញ​របស់​លោក​គីម​ពី​រដ្ឋធានី​ព្យុងយ៉ាង។ ទីភ្នាក់ងារ​ព័ត៌មាន KCNA ​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក​គីម​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ចិន​ទៅ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ស៊ី ​ជីនពីង។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៤​របស់​គីម ​ជុងអ៊ុន​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​ខាង​ការ​ទូត​ និង​សេដ្ឋកិច្ចដ៏​ចម្បង​របស់​កូរ៉េ​ខាង​ជើង​ចាប់​តាំង​ពី​ឆ្នាំ​ទៅមក ​ហើយ​បាន​បង្កើន​ការ​និយាយ​ស្មានៗ​ថា លោក​គីម​និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​នឹង​ធ្វើ​ជំនួប​កំពូល​លើក​ទី២។

លោកគីម និង​ប្រធានាធិបតី​ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្រពិច​ស្រពិល​មួយ​ក្នុង​អំឡុង​នៃ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​ដែល​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងបោះ​បង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ក៏ប៉ុន្តែ ​ការ​ចរចា​បន្ថែម​ទៀត ​បាន​ជាប់​គាំង​លើ​បញ្ហា​ទាមទារ​របស់​កូរ៉េខាងជើងឲ្យ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ភ្ជាប់​ទៅ​នឹង​ការ​ជឿនលឿន​បន្តិ​ចបន្តួច ​ហើយ​និង​ការ​ជំទាស់​ប្រឆាំង​របស់​ខ្លួន​ដល់​ការ​អំពាវនាវ​របស់​រដ្ឋបាល​ត្រាំ​ឲ្យ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​មុន​ពេល​ការ​ផ្តល់​សម្បទាន​ណាមួយ។

ក្នុង​អំឡុង​នៃ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​កាល​ពី​សប្តាហ៍​មុន ​លោក គីម ​ជុង​អ៊ុន ​បាន​និយាយ​ថា លោកបាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា កូរ៉េ​ខាង​ជើង ​លែង​ផលិត​ឬ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​តទៅ​ទៀត​ហើយ។​ លោក​ក៏ ​និយាយ​ដែរថា ​លោក ​មាន​ឆន្ទៈ​ធ្វើ​ការ​ជួប​គ្នា​មួយ​ទល់​នឹង​មួយ​ជាមួយ​ប្រធានា​ធិបតី​ត្រាំ ក៏ប៉ុន្តែ ​បាន​ព្រមាន​ថា ​ប្រទេស​របស់​លោក អាច​មាន​ផ្លូវ​ដើរ​តាម​របៀប​ផ្សេង​ទៀត ​ប្រសិនបើ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មិន​បាន​ចាត់​វិធានការ​ត្រឹម​ត្រូវ​ទេ​នោះ៕