លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងទៅចូលរួមកិច្ចប្រជុំជាមួយនឹងលោកត្រាំ នៅវៀតណាម

អ្នកត្រាប់តាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ស្ថិតនៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងជាលើកដំបូងថា លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំរបស់ខ្លួន នឹងចូលរួមជំនួបលើកទីពីរជាមួយនឹងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ គឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលជំនួបនេះនឹងធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងតាមរថភ្លើងកាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈនេះ។ លោកត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួនរួមទាំងអ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA និងកាសែត Rodong Sinmun របស់កូរ៉េខាងជើង។

លោក ត្រាំ និងលោក គីម ជុងអ៊ុន នឹងជួបគ្នានៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងរយៈពេល ៨ ខែក្រោយមក បន្ទាប់ពីលោកទាំងពីរបានជួបគ្នាជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន។ នៅពេលនោះ មេដឹកនាំទាំងពីរបានសន្យាប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។

ដោយសារតែមានការវិវឌ្ឍទៅមុខតែបន្តិចបន្តួចប៉ុណ្ណោះតាំងពីពេលនោះមក មេដឹកនាំទាំងពីរត្រូវគេរំពឹងថានឹងផ្ដោតលើផ្នែកណាមួយនៃកម្មវិធីនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងអាចចាប់ផ្ដើមលុបបំបាត់ ជាថ្នូរនឹងការធ្វើសម្បទានមួយចំនួនពីសហរដ្ឋអាមេរិក។

មន្ត្រីជាន់ខ្ពស់ដែលអមដំណើរលោក គីម ជុងអ៊ុន មានដូចជាលោក Kim Yong Chol អតីតប្រធានផ្នែកចារកម្ម និងជាបេសកជនកំពូលរបស់លោក Kim Jong Un នៅក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាលោក Ri Su Yong ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តកូរ៉េខាងជើង លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងលោក No Kwang Chol រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងផងដែរ៕