កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានច្រានចោលគំនិតនៃការចរចាជាមួយនឹងសហរដ្ឋអាមេរិក ដោយបានចោទរដ្ឋាភិបាលអាមេរិកថាបាន«វាយប្រហារពេញទំហឹង» ដែលធ្វើឱ្យឧបទ្វីបកូរ៉េក្លាយទៅជា«តំបន់សង្គ្រាម»។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក្រសួងការបរទេសកូរ៉េខាងជើងបានត្អូញត្អែរថា សហរដ្ឋអាមេរិកនិងកងទ័ពនាវាជើងទឹករបស់អាមេរិកធ្វើ «សមយុទ្ធបែបប្រឈមមុខផ្នែកយោធាដែលគ្មានការពិចារណានិងចាត់វិធានការបែបអមិត្ត»។
សេចក្ដីថ្លែងការណ៍នេះបានព្រមានថា៖ «ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងកាន់តែគ្រោះថ្នាក់ប៉ុណ្ណា លទ្ធផលផ្ទុយពីការរំពឹងទុកដែលសហរដ្ឋអាមេរិកនឹងទទួលបានដោយសមាមាត្រទៅនឹងការគំរាមកំហែងនោះគឺកាន់តែខ្លាំងក្លាប៉ុននោះ»។
សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាដែលមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ B-1B និងយន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិកនៅសមុទ្រលឿងនៅភាគខាងលិចឧបទ្វីបកូរ៉េ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថាសមយុទ្ធនេះ «បង្ហាញឱ្យឃើញពីឆន្ទៈនិងសមត្ថភាពរបស់សហរដ្ឋអាមេរិកនៅក្នុងការផ្ដល់វិធីកម្លារារាំងដ៏ខ្លាំងក្លានិងគួរឱ្យជឿទុកចិត្តបន្តទៀតប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង»។
ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានសន្យាបង្កើនការដាក់ពង្រាយ «ឧបករណ៍យុទ្ធសាស្ត្រ» របស់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ យន្តហោះដែលមានសមត្ថភាពបាញ់នុយក្លេអ៊ែរបា និងកងនាវាដឹកយន្តហោះចម្បាំងផងដែរ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ថាការបង្កើនការបង្ហាញអំពីកម្លាំងយោធាទាំងនេះគឺជាការឆ្លើយតបចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ដែលក្នុងករណីជាច្រើនបានឈានទៅដល់ចំណុចកំពូលថ្មី។
កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងតិច៩៥គ្រាប់កាលពីឆ្នាំមុន ដែលជាការបំបែកកំណត់ត្រាថ្មីមួយរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ភី សុភាដា
រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —