ប្រទេសកូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារដ៏សំខាន់ជាមួយរុស្ស៊ី ដោយព្រមជួយគ្នាទៅវិញទៅមកខាងយោធា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអង្គារ។
ការផ្តល់សច្ចាប័ននេះ ធ្វើឡើងពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែនថា កូរ៉េខាងជើង បានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
រុស្ស៊ីបានបញ្ចប់សច្ចាប័នលើសន្ធិសញ្ញានេះ កាលពីសប្ដាហ៍មុន ក្រោយពីសន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីខែមិថុនា។ សន្ធិសញ្ញានេះ ត្រូវគេចាត់ទុកថា ជាកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកដ៏ធំបំផុតរបស់ប្រទេសទាំងពីរ ចាប់តាំងពីសង្គ្រាមត្រជាក់បញ្ចប់ទៅ។
សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នឹងចូលជាធរមានពេលភាគីទាំងពីរផ្តោះប្តូរឯកសារ អំពីសច្ចាប័ននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA (Korean Central News Agency)។ កូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ តាមរយៈក្រឹត្យមួយដែលចុះហត្ថលេខាកាលពីថ្ងៃចន្ទ ដោយប្រមុខរដ្ឋលោក Kim Jong Un។ នេះបើផ្អែកតាម KCNA។
រដ្ឋសភាប្រថាប់ត្រារបស់កូរ៉េខាងជើង មានសិទ្ធិផ្តល់សច្ចាប័នលើសន្ធិសញ្ញា តែលោក Kim ក៏អាចផ្តល់សច្ចាប័នលើសន្ធិសញ្ញាសំខាន់ៗដោយឯកតោភាគីបានដែរ។ នេះបើយោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង។
សន្ធិសញ្ញានេះ តម្រូវឲ្យប្រទេសទាំងពីរប្រើប្រាស់មធ្យោបាយនានាដែលអាចធ្វើបាន ដើម្បីផ្តល់ជំនួយយោធាភ្លាមៗ បើភាគីណាមួយរងការវាយប្រហារ។ សន្ធិសញ្ញានេះ ក៏ដាក់លក្ខខណ្ឌឲ្យប្រទេសទាំងពីរ សហការគ្នាយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងបង្កើត«របៀបរបបពិភពលោកពហុប៉ូលថ្មីនិងយុត្តិធម៌» និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរួមទាំងថាមពលបរមាណូស៊ីវិល អវកាស ការផ្គត់ផ្គង់ស្បៀងអាហារ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
អ្នកតាមដានខ្លះសន្និដ្ឋានថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញារវាងប្រទេសទាំងពីរនេះ អាចផ្តល់សញ្ញាថា ប្រទេសកូរ៉េខាងជើងអាចចូលប្រឡូកក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាផ្លូវការបានក្នុងពេលឆាប់ៗនេះ៕