ប្រទេសកូរ៉េខាងជើងកំពុងតម្លើងវោហោសាសន៍ប្រឆាំងនឹងសម្ពាធពីអន្តរជាតិដែលកាន់តែកើនឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយនឹងប្រទេសអ៊ីរ៉ង់។
នៅសប្តាហ៍នេះ កូរ៉េខាងជើងបានកោះប្រជុំឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីបញ្ជាក់ថារដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងកិច្ចព្រមព្រៀង ដែលមានលក្ខណៈដូចនឹងប្រទេសអ៊ីរ៉ង់ទេ ហើយមិនចរចាបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ។
លោក Kim Hyun Joon បេសកជនរដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រចាំនៅទីក្រុងម៉ូស្គូ បានបញ្ជាក់ថា៖ «គេអាចនិយាយបានថា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងសំណុំរឿងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់គឺ មានលក្ខណៈខុសគ្នាទាំងស្រុង»។
លោកបានថ្លែងដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី ហើយទើបតែចេញផ្សាយកាលពីថ្ងៃពុធ។
លោកបានបន្ថែមទៀតថា៖ «វាជាការច្បាស់លាស់ណាស់ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគឺជា រដ្ឋមួយដែលមានអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ»។
កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសចិនបានបញ្ជាក់ឡើងវិញពីជំហររបស់ប្រទេសលោកគឺដូចលើកមុនៗទាក់ទងនឹងបញ្ហានុយក្លេអ៊ែរនេះ។
លោក Ji Jae Ryong បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមិនចាប់អារម្មណ៍អ្វីទាំងអស់នឹងការចរចាលើបញ្ហាផ្អាក ឬរំលាយចោលអាវុធនុយក្លេអ៊ែររបស់យើងដោយឯកតោភាគីទេ»។
អ្នកជំនាញមើលឃើញថា សេចក្តីថ្លែងការណ៍ចុងក្រោយមកពីទីក្រុងព្យុងយ៉ាងគឺជាការព្យាយាមវាយបកមកលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីដកយកអាវុធនុយក្លេអ៊ែរចេញពីប្រទេសកុម្មុយនិស្ត ដោយការខិតខំតម្លើងវោហាសាសន៍ពង្រឹងឡើងវិញអាវុធនុយក្លេអ៊ែររបស់ខ្លួនដូចនេះ។
លោក David Straub អតីតមន្ត្រីក្រសួងការបរទេស ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយនឹងវីអូអេថា៖ «បទសម្ភាសន៍របស់កូរ៉េខាងជើង និងសេចក្តីថ្លែងការណ៍នានាគឺ មានគោលបំណងសំខាន់ដើម្បីគំរាមជាមុនប៉ុណ្ណោះ។ ខ្ញុំជឿថាមេដឹកនាំកូរ៉េខាងជើងមានការព្រួយបារម្ភថា ដោយឥឡូវនេះប្រទេសអ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងមួយជាមួយនឹងសហគមន៍អន្តរជាតិ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងនៅតែម្នាក់ឯងជារដ្ឋមួយរឹងរូសមិនបានការមួយ»។
លោក Evans Revere អតីតឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងកំពុងព្យាយាមបញ្ជូនសារទៅសហគមន៍អន្តរជាតិថា «ពួកគេចាត់ទុកខ្លួនឯងថា ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ»៕