ប្រទេសកូរ៉េខាងជើងនិយាយថាខ្លួននឹងរុះរើមជ្ឈមណ្ឌលនុយក្លេអ៊ែរខ្លួននៅ Yongbyon ប្រសិនបើស.រ.អាចាត់ «វិធានការសមស្រប» តាមរយៈកិច្ចព្រមព្រៀងទូលំទូលាយមួយដែលបានត្រូវសម្រេចដោយមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរដែលជាគូប្រជែងគ្នា។
កិច្ចព្រមព្រៀងនេះបានត្រូវប្រកាសនៅថ្ងៃពុធនេះក្នុងក្រុងព្យុងយ៉ាង ដោយមេដឹកនាំកូរ៉េខាងជើង Kim Jong Un និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅពេលបិទថ្ងៃទីពីរនៃជំនួបកំពូលបីថ្ងៃរបស់អស់លោក។
សេចក្តីស្នើរបស់កូរ៉េខាងជើងក្នុងការបិទមជ្ឈមណ្ឌល Yongbyon ធ្វើឡើងជាមួយការសន្យាថា នឹងបិទជាអចិន្ត្រៃយ៍នូវកន្លែងពិសោធន៍ម៉ាស៊ីនកាំជ្រួចមីស៊ីល និងកន្លែងបង្ហោះកាំជ្រួចនេះនៅក្រោមការឃ្លាំមើលរបស់ក្រុមអ្នកជំនាញអន្តរជាតិ។
លោក Kim Jong Un បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅក្នុងសេចក្តីប្រកាសរួមគ្នាជាមួយលោកប្រធានាធិបតី Moon Jae-in ថា «យើងបានយល់ស្របគ្នាធ្វើឧបទ្វីបកូរ៉េឱ្យទៅជាដែនដីមួយគ្មានអាវុធនុយក្លេអ៊ែរ និងមិនមានការគំរាមកំហែងនុយក្លេអ៊ែរ»។
លោកប្រធានាធិបតីស.រ.អា Donald Trump បានសរសេរតាមបណ្តាញទំនាក់ទំនងសង្គម Twitter ថា «រំភើបចិត្តណាស់!» ក្នុងការសរសើរដល់កិច្ចព្រមព្រៀងនេះ ដែលមានរួមបញ្ចូលទាំងការដាក់ពាក្យរួមគ្នារវាងប្រទេសកូរ៉េទាំងពីរជាបេក្ខជនសម្រាប់ធ្វើជាម្ចាស់ផ្ទះចាត់ចែងការប្រកួតកីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០៣២៕