បើតាមប្រភពរដ្ឋាភិបាលស.រ.អា. និងប្រភពឯទៀតៗថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានដាក់គ្រឿងមួយនៅក្នុងរូងក្រោមដីមួយនៅឯកន្លែងពិសោធបរមាណូរបស់ខ្លួនដែលអាចត្រូវបំផ្ទុះបាននៅថ្ងៃសៅរ៍ ឬឆាប់ជាងនេះផង។
មន្ត្រីម្នាក់ធ្វើការនៅឯក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយប្រាប់ VOA ថា «យើងគ្មានអត្ថាធិប្បាយទេតែយើងនឹងតាមឃ្លាំមើលដោយដិតដល់»។ នៅថ្ងៃសៅរ៍ខាងមុខនេះប្រទេសកូរ៉េខាងជើងនឹងប្រារព្ធ «ទិវានៃព្រះអាទិត្យ» ដើម្បីកំណត់ខួបកំណើតឆ្នាំទី១០៥របស់លោក Kim Il Sung ដែលជាអ្នកបង្កើតប្រទេសនេះ។
រូបថតតាមផ្កាយវិទ្យាសាស្ត្រនៃកន្លែងពិសោធបរមាណូ Punggye-ri កាលពីថ្ងៃពុធបានបង្ហាញឱ្យឃើញសកម្មភាពដែលមានតទៅទៀតនៅក្នុងផ្នែកខាងជើង
សកម្មភាពថ្មីៗនៅក្នុងនៅក្នុងតំបន់រដ្ឋបាលថ្មី និងមានបុគ្គលិកតិចតួចនៅជុំវិញមជ្ឈមណ្ឌលបញ្ជាការ នេះបើតាមការប្រាប់ឱ្យដឹងដោយគេហទំព័រ 38 North ដែលចាត់ចែងដោយវិទ្យាស្ថានស.រ.អា. និងកូរ៉េនៃមហាវិទ្យាល័យផ្នែកការសិក្សាអន្តរជាតិជាន់ខ្ពស់របស់សាកលវិទ្យាល័យ Johns Hopkins។
បើតាមការធ្វើវិភាគមួយដោយលោក Joseph Bermudez និងលោក Jack Liu ថា កន្លែងធ្វើការពិសោធន៍បរមាណូនេះ «មានការប្រុងប្រៀបរួចស្រេចហើយ» សម្រាប់អ្វីដែលជាការពិសោធន៍បរមាណូលើកទី៦របស់ប្រទេសកូរ៉េខាងជើង។
លោក Roh Jae-chun អ្នកនាំពាក្យនៃក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលកូរ៉េខាងត្បូងបាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុងសេអ៊ូលកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងមិនឃើញមានសញ្ញាបង្ហាញថាមានការបង្ករឿងពីកូរ៉េខាងជើងទេ៕