​អ្នក​វិភាគ​ថា​ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ឯកភាព​ចរចា​របស់​កូរ៉េ​ខាង​ជើង

រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ឈរ​មើល​កញ្ចក់​ទូរទស្សន៍​ដែល​មានរូប​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នៅ​ខាង​ឆ្វេង និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុន នៅ​ នៅ​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល។

ការ​ឯកភាព​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ចូលរួម​ចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​អាច​ជា​ការ​បំបែក​ភាព​ជាប់​គាំង​ផ្នែក​ការទូត​មួយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នុយក្លេអ៊ែរ ឬ​អាច​ជា​ឧបាយកល​មួយ​ដើម្បី​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម ឬ​ក៏​អាច​ទាំង​ពីរ​ក៏​ថា​បាន។

ឆន្ទៈ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​Kim Jong Un ​ក្នុង​ការ​ចូលរួម​ចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ និង​ការ​សន្យា​របស់​លោក​ចំពោះ​ការ​ផ្អាក​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល នៅ​ពេល​ដែល​កំពុង​ដំណើរ​ការ​ចរចា ត្រូវ​បាន​រាយការណ៍​ដោយ​លោក ​Chung Eui-Yong ​ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​នឹង​លោក Kim Jong Un នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​រួច​មក។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​មិន​ទាន់​បាន​បញ្ជាក់​អះអាង​អំពី​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​អំពី​លទ្ធភាព​នៃ​ការ​បំបែក​ភាព​ជាប់​គាំង​ផ្នែក​ការទូត​នេះ​នៅ​ឡើយ​ទេ។

ប៉ុន្តែ សារព័ត៌មាន​ Rodong Sinmun ​ដែល​ជា​សារព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​ពុធ​នេះ បាន​ផ្សាយ​អត្ថបទ​ច្បាស់​លាស់​ដែល​ផ្ទុយ​ពី​នេះ​មួយ ​ដែល​បញ្ជាក់​ពី​ហេតុផល​ត្រឹមត្រូវ​របស់​ខ្លួន​ដែល​ថា ការ​ទប់​ទល់​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​គឺ​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​ «ប្រឆាំង​នឹង​ការ​គំរាមកំហែង​របស់​សហរដ្ឋ​អាមេរិក» និង​បាន​បញ្ជាក់​ថា រឿង​នេះ​នឹង​មិន​បើក​ឲ្យ​មាន​ការ​ពិភាក្សា​តវ៉ា​នោះ​ទេ។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ជំទាស់​ទៅ​នឹង​ជំហរ​មិន​សម្រប​សម្រួល​របស់​សារព័ត៌មាន​នេះ និង​បាន​បញ្ជាក់​ថា ជំហរ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដូច​ដែល​បាន​បញ្ជាក់​ប្រាប់​គណៈ​ប្រតិភូ​ពិសេស​របស់​កូរ៉េ​ខាង​ត្បូង គឺ​បើក​ចំហ​ឲ្យ​មាន​ការ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្រោម​លក្ខខណ្ឌ​ត្រឹម​ត្រូវ៕