កូរ៉េ​ខាង​ជើង​អាច​ងាក​ចេញ​ពី​ប្រធានា​ធិបតីកូរ៉េលោក​ Moon Jae-in​ ដែល​ជាអ្នក​សម្រប​សម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក​

លោក ដូណាល់ ត្រាំ ដើរ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​១១ មេសា ២០១៩។

ប្រទេស​កូរ៉េខាង​ជើង​អាចចាប់​ផ្តើម​ងាក​ចេញ​ពី​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​លោក ​Moon Jae-in​ បន្ទាប់​ពី​លោកខក​ខាន​មិន​បាន​ជួយ​ឲ្យ​រួច​ផុត​ពី​ដាក់​ទណ្ឌកម្មពី​ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​សេតវិមាន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នក​ជំនាញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​លោក​ប្រធានា​ធិបតី ​ត្រាំ ​បាន​និយាយក្នុង​ការិយាល័យ​របស់លោក ​នៅ​សេតវិមាន​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ថា៖ «យើង​ចង់​ឲ្យ​ការ​ដាក់​ទណ្ឌកម្ម​នេះ​នៅ​ដដែល។​និយាយ​ការ​ពិត ​ខ្ញុំ​មាន​ជម្រើស​ដើម្បីដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ដល់​ពួក​គេ។​ ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ ​ពីព្រោះ​តែ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុង​អ៊ុន»។

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ មូន បាន​ធ្វើ​ឲ្យទំនាក់​ទំនង​មាន​ភាព​ប្រ​សើរ​ឡើង​ជាមួយ​កូរ៉េ​ខាង​ជើង​ និង​បន្ត​គម្រោង​អន្តរ​កូរ៉េ​ដែល​ជា​កត្តា​ដ៏​សំខាន់​នៃ​ការ​កាន់​ដំណែងរបស់​លោក។ ​លោក​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​ ត្រាំ ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​មួយ​ ដើម្បី​ពង្រឹង​ការ​ចរចា​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ឡើង​វិញ ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ និង​រដ្ឋាភិ​បាល​ក្រុង​ព្យុងយ៉ាង​ ដែល​បាន​ជាប់​គាំង ​ចាប់​តាំង​ពី​ការ​បរា​ជ័យនៃ​ជំនួប​កំពូល​ក្នុង​ទីក្រុង​ហាណូយ ​ដែល​បាន​ធ្វើ​ឡើង​រវាង​ប្រធានា​ធិបតី​ ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ កាល​ពី​ខែ​កុម្ភៈ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រ​ធានាធិបតី​ ត្រាំ ​បាន​និយាយ​ថា ​លោក​ចង់​សន្ទនា​ជាមួយ​ គីម ជុង​អ៊ុន ​ហើយ​ថា ​ជំនួប​លើក​ទី​៣ អាចកើត​មាន​ឡើង។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ មូន បាន​និយាយ​ថា៖ ​«ភារៈ​កិច្ច​ដ៏​សំខាន់​ដែល​ខ្ញុំ​ប្រឈម​នៅ​ពេល​ឥឡូវ​នេះ​ គឺ​រក្សា​សន្ទុះ​នៃ​ការ​សន្ទនា​ ហើយ​ក៏​សម្តែង​នូវ​ទស្សន​វិស័យ​វិជ្ជមាន​ចំពោះ​ជំនួប​កំពូល​លើក​ទី​៣​ រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ជើង។

លោក​ Ken Gause​ នាយក​នៃក្រុម​កិច្ចការ​អន្តរជាតិ​នៅ​ឯ​មជ្ឈ​មណ្ឌល​សម្រាប់​ការវិ​ភាគ​ខាង​នាវា​ និយាយ​ថា ​ការ​ខកខាន​មិន​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិកលុប​ចោល​ការ​ដាក់​ទណ្ឌកម្ម ​អាច​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ មូន ​បាត់​បង់​ភាព​ទុក​ចិត្ត​របស់​លោក​ជាមួយ​ គីម ​ជុងអ៊ុន៕