កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​ពីរ​គ្រាប់​នៅ​ចំ​ពេល​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ត្រឡប់​ទៅ​ឧបទ្វីប​កូរ៉េ​វិញ

យន្តហោះ​ចម្បាំង​ប្រភេទ F/A-18F Super Hornet ចុះចត​នៅ​លើ​មហា​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ជប៉ុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២២។

ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី (SRBM) ២ គ្រាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ក្នុង​រយៈពេល​តែ ២ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រទេស​នេះ​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​មួយ​គ្រាប់​កាត់ពី​លើ​ប្រទេស​ជប៉ុន ដោយ​បង្ក​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​មេដឹកនាំ​នានា​នៅ​ក្នុង​តំបន់​និង​សហគមន៍​អន្តរជាតិ។

ក្រុម​នាយសេនាធិការ​កងទ័ព​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ទាំង ២ នេះ​ត្រូវ​បាន​បាញ់​នៅ​ចន្លោះ​ម៉ោង ៦ និង ១ នាទី​ព្រឹក និង​ម៉ោង ៦ និង ២៣ នាទី​ព្រឹក​ចេញពី​តំបន់ Samcheok នៃ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េ​ខាងជើង​ចូល​ទៅ​ក្នុង​សមុទ្រ​ខាង​កើត (East Sea)។ ក្រុម​នាយសេនាធិការ​កងទ័ព​នេះ​បាន​បន្ថែម​ថា មីស៊ីល​នេះ​ហោះ​បាន​ចម្ងាយ​ពី ៣៥០ ទៅ ៨០០ គីឡូម៉ែត្រ និង​មាន​រយៈ​កម្ពស់​ពី ៦០ ទៅ ៨០ គីឡូម៉ែត្រ។

ការ​បាញ់​មីស៊ីល​លើក​នេះ​គឺ​ជា​ការ​បាញ់​លើក​ទី ៦ របស់​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ក្នុង​រយៈពេល ១២ ថ្ងៃ​ចុងក្រោយ​នេះ និង​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​មហា​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​វិញ​ក្រោយ​ពី​បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​កងទ័ព​ជើងទឹក​កាលពី​សប្ដាហ៍​មុន​មក។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយ​ថា ការ​បាញ់​មីស៊ីល​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គឺ​ជា​រឿង​ដែល «មិន​អាច​ទទួល​យក​បាន​ទាំងស្រុង»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Yasukazu Hamada បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ទង្វើ​ទាំង​នេះ​របស់​ប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា​ការ​គំរាមកំហែង​ចំពោះ​សន្តិភាព​និង​សន្តិសុខ​របស់ [ប្រទេស​ជប៉ុន] តំបន់ និង​សហគមន៍​អន្តរជាតិ»។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការ​បាញ់​មីស៊ីល​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​បញ្ជាក់​ថា​វា​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​ជា​ការ​គំរាម​កំហែង​ចំពោះ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​និង​សហគមន៍​អន្តរជាតិ៕