កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​មុន​ការ​បោះ​ឆ្នោត​របស់​កូរ៉េ​ខាង​ត្បូង​ចូល​មក​ដល់

បុរស​ម្នាក់​ដែល​ពាក់​ម៉ាស់​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ដែល​រាយការណ៍​អំពី​ការ​បាញ់​មីស៊ីល​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ជា​ច្រើន​គ្រាប់​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ការ​បង្កហេតុ​បែប​យោធា​ថ្មី​ចុងក្រោយ​បំផុត​របស​ខ្លួន ដែល​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​បោះ ឆ្នោត​ថ្នាក់​ជាតិ​ដ៏​សំខាន់​មួយ​ចូល​មក​ដល់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

គ្រាប់​មីស៊ីល​ខ្លះ​អាច​ជា​គ្រាប់​មីស៊ីល​ដែល​ហោះ​ក្នុង​ល្បឿន​ស្មើ​សំដៅ​ទីតាំង​ណា​មួយ​ច្បាស់លាស់​រយៈ​ចម្ងាយ​ខ្លី ដែល​បាន​បាញ់​ចេញ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង ចំណែក​ឯ​គ្រាប់​មីស៊ីល​ផ្សេង​ទៀត​គឺ​ជា​ប្រភេទ​មីស៊ីល​បាញ់​ពី​លើ​អាកាស​ចុះ​ដី ដែល​បាញ់​ចេញ​ពី​យន្តហោះ​ចម្បាំង​មួយ​គ្រឿង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង។

នៅ​ក្នុង​សារ​ជា​សំណេរ​មួយ នាយ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ខ្លួន​បន្ត​វាយ​តម្លៃ​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​ទាំង​នេះ។

កូរ៉េ​ខាង​ជើង ដែល​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី ៥ លើក​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ ជា​រឿយៗ​ធ្វើ​ការ​បង្ក​ហេតុ​បែប​យោធា​នៅ​មុន​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចូល​មក​ដល់ ដែល​ប្រហែល​ជា​ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត ឬ​ក៏​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ចំនួន ៣០០ នាក់។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នឹង​ជួយ​កំណត់​ថា​តើ​លោក​ប្រធានាធិបតី Moon Jae In នឹង​ក្លាយជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ​នៅ​ពេល​ខាង​មុខ៕