លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមមហាសន្និបាតនៅឯង្គការសហប្រជាជាតិនៅថ្ងៃចន្ទ ខាងមុខនេះ ដែលជាកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនានានៅជុំវិញពិភពលោក។
បន្ទាប់ពីការបង្ហាញខ្លួនជាអន្តរជាតិកាលពីឆ្នាំមុនដែលពេលនោះលោកបានគំរាមថានឹង«បំផ្លាញប្រទេសកូរ៉េខាងជើងទាំងស្រុង»នោះ នៅក្នុងឆ្នាំនេះមនុស្សជាច្រើនកំពុងចង់ដឹងថាតើប្រធានបទអ្វីដែលលោក ត្រាំ នឹងលើកយកនិយាយនៅក្នុងកិច្ចប្រជុំនៅឆ្នាំនេះនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។
កាលពីខែកញ្ញាឆ្នាំមុន លោក ត្រាំ បានផ្ទុះសង្គ្រាមពាក្យសម្តីជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលពេលនោះលោក ត្រាំ បានហៅលោក គីម ថាជាបុរសរ៉ូកែត ហើយលោក គីម បានឆ្លើយតបមកវិញដោយហៅលោក ត្រាំ ថាជាមនុស្សចាស់ល្ងីល្ងើ។ បន្ទាប់មកទៀតភាពតានតឹងរវាងប្រទេសទាំងពីរបានថយចុះហើយមេដឹកនាំទាំងពីរបានជួបចរចាទល់មុខគ្នាអំពីការបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទោះជាយ៉ាងណាក្តី បញ្ហាប្រទេសអ៊ីរ៉ង់ទំនងក្លាយជាប្រធានបទមួយរបស់លោក ត្រាំ ដែលនឹងត្រូវលើកយកមកនិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំនេះ។
លោករដ្ឋមន្រ្តីការបរទេស Pompeo បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃពុធ ថា រដ្ឋបាលលោក ត្រាំ កំពុងធ្វើការងារដើម្បីឲ្យប្រទេសអ៊ីរ៉ង់ក្លាយជាប្រទេសគោរពច្បាប់ និងឈប់ធ្វើជាប្រទេសដែលគាំទ្រពួកភេរវកម្មតទៅទៀត។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley តែងតែថ្កោលទោសរដ្ឋាភិបាលក្រុងតេហេរ៉ង់ថាបានដើរតួនាទីបង្កអស្ថិរភាពនៅ
ប្រទេសស៊ីរី យេម៉ែន និងបានផ្តល់ការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ Hamas និងក្រុម Hezbollah។ លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «អ៊ីរ៉ង់នៅតែជាបញ្ហា។ រាល់គ្រោះថ្នាក់ដែលបានកើតឡើងនៅជុំវិញពិភពលោក ហាក់បង្ហាញថាមានជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់»៕