កូរ៉េ​ខាង​ជើង​ពង្រីក​វោហាសាស្ត្រ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​យោធា

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ពិនិត្យ​មើល​កងកម្លាំង​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន Korean Central News Agency របស់​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

កូរ៉េ​ខាង​ជើង​កំពុង​ព្រមាន​ពីការ​សងសឹក​ឥត​ត្រា​ប្រណី​អំពី​ការ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ដែល​ធ្វើ​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ ​យោធា​កូរ៉េ​ខាង​ជើង ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ធ្វើ​ការ​តបត​ដោយ​ឥតត្រា​ប្រណី​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​សមយុទ្ធ​នេះ ​សមយុទ្ធ​រយៈ​ពេល​១០​ថ្ងៃ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទនោះ​លើ​ឧបទ្វីប​នោះ។​

​កូរ៉េ​ខាង​ជើង​ជា​ធម្មតា​ប្រើ​ប្រាស់​វោហាសាស្ត្រ​បង្កហេតុ ​ឬ​ធ្វើ​ការ​សាក​ល្បង​អាវុធ​ក្នុង​អំឡុង​នៃ​ការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ ​ក៏ប៉ុន្តែ ​វោហាសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅឆ្នាំ​នេះ ​កាន់​តែ​ក្តៅ​គគុក​ឡើង​ជាង​ធម្មតា ​ដោយ​បាន​អះអាង​ថា ​សមយុទ្ធ​នេះ​ជា​ឆាក​សង្គ្រាម​ឈ្លាន​ពាន​ដែល​រៀប​ចំឡើង​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ជាមុន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​និយាយ​ដែរថា ​កិច្ច​ប្រតិបត្តិការ​សម្ងាត់​ដើម្បី​ដក​មេដឹកនាំ​កូរ៉េខាង​ជើង​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​នោះ។

​ទំ​នាក់​ទំនង​រវាង​កូរ៉េ​ខាង​ជើង​ និង​ខាង​ត្បូង​ជា​ធម្មតា​មាន​ការ​តាន​តឹង ​ក៏ប៉ុន្តែ​ការ​តាន​តឹង​នេះ​រីកកាន់​តែធំ​ឡើង​បន្ទាប់​ពី​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un បាន​ផ្លាស់​ប្តូរ​ការ​គំរាម​កំហែង​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​បន្ទាប់​ពី​ការ​សាក​ល្បង​កាំជ្រួច​ផ្លោង​អន្តរ​ទ្វីប​របស់​កូរ៉េខាង​ជើង​កាល​ពី​ខែមុន។​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និយាយថា ​កាជ្រួច​មីស៊ីល​របស់​ខ្លួន​រចនា​ឡើង​ដើម្បី​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។

​កម្មវិធី​អាវុធរបស់​កូរ៉េ​ខាង​ជើង​បាន​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​អើ​ពើ​ការ​អំពាវនាវ​មក​ពី​ប្រទេស​នានា ​រួម​ទាំង​ប្រទេស​ចិន​ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​ខ្លួន៕