កូរ៉េខាងជើងបានដង្ហែរក្បួនដ៏ធំពេលចប់សមាជដ៏កម្រ

កូរ៉េ​ខាង​ជើង​បាន​គ្រវីរ​បាច់​ផ្កា​និង​ប៉េងប៉ោង​ខណ​ដែល​ពួក​គេ​ហែរ​ក្បួន​នៅ​វិសាល​ដ្ឋាន​ គីម​ អ៊ីល​ស៊ុង​ កាល​ពី ថ្ងៃ​អង្គារ​ទី ១០​ឧសភា​ ២០១៦។

មេដឹកនាំ​ប្រទេស​កូរ៉េខាង​ជើង ​លោក ​គីម ជុងអ៊ុន​ (Kim Jong Un)​ បាន​ចូលរួម​ជា​អធិបតី​ក្នុងការ​ដង្ហែរ​ក្បួន​មហាជន​នៅកណ្តាល​ក្រុងព្យុង​យ៉ាង​នៅថ្ងៃអង្គារ​នេះ​ដើម្បី​អបអរ​សាទរ​ការបញ្ចប់​សមាជ​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្នុងពេល​ដែល​លោក​ គីម ពង្រឹង​អំណាច​របស់​លោក​ឲ្យកាន់​តែខ្លាំង​នោះ។

ពលរដ្ឋ​រាប់ពាន់​នាក់​បាន​ស្លៀក​សម្លៀក​បំពាក់​កូរ៉េ​ស្រស់បំព្រង​បានដើរ​ក្បួនកាត់​តាម វិសានដ្ឋាន​ដែល​គេដាក់​ឈ្មោះ​ជីតា​របស់​លោក​ គីម​ គឺលោក ​គីម អ៊ីលស៊ុង​ដែលជា​ស្ថាបនិក ប្រទេស​កូរ៉េខាង​ជើង។​ អ្នកដ៏ទៃ​ទៀត​បានលើក​បដា​មានដាក់​ពាក្យស្លោក​ស្នេហា​ជាតិ​នៅពេល​លោក​គីម ជុង អ៊ុន​ក្រឡេក​មើល​ ហើយបាន​គ្រវីដៃ​ទៅកាន់​ហ្វូង​មនុស្ស​ចេញពី​រានហាល​ផ្ទះ​ដែលមាន​កំពស់ខ្ពស់​ជាងសួន​នោះ។

សមាជ​គណបក្ស​ពលករកូរ៉េ​ខាងជើង​រយៈពេល​៤ថ្ងៃ​ដែលជា​សមាជ​ដំបូង​ក្នុង​រយៈ ពេល៣៦​ឆ្នាំនោះ​ បានបញ្ចប់​កាលពី​ថ្ងៃច័ន្ទ​បន្ទាប់ពី​គណ​ប្រតិភូ​បានគាំទ្រ​ដោយ​ឥត​ងាករេ​ចំពោះគោល​នយោបាយ​អភិវឌ្ឃន៍​របស់​លោកគីម​ដែលជា​គោល​នយោបាយ អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ជាមួយគ្នា​នឹងការ​ជំរុញកាន់​តែខ្លាំង​ឡើង​ចំពោះការ​ផលិត​អាវុធ នុយក្លេអ៊ែ​កូរ៉េខាង​ជើង។

សមាជក៏​បានផ្តល់​មុខតំណែង​ជាប្រធាន​គណបក្ស​ដល់លោក​គីម​ដែលមាន​អាយុ ៣៣ឆ្នាំ​ ដោយបាន​បញ្ជាក់ថា​លោក គីម ​ជាអ្នក​ស្នងតំណែង​ដ៏ត្រឹមត្រូវ​ពីជីតា​ និង ឳពុកលោក​គឺ ​លោក​ គីម យ៉ុង អ៊ីល៕