កូរ៉េ​ខាង​ជើង​រៀបចំ​ក្បួន​ព្យុហយាត្រា​យោធា​មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​ចូល​មក​ដល់

ក្បួន​ដង្ហែរ​យោធា​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ កូរ៉េខាងជើង​កាលពី​ថ្ងៃទី​០៨ កុម្ភៈ​ ២០១៨។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រៀបចំ​ក្បួន​ព្យុហយាត្រា​យោធា​មួយ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​ចាប់ផ្ដើម​នូវ​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​នៅ​ក្នុង​ទីក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា និង​ការ​ជួបជុំ​នៅ​ឯ​ទីលាន Kim Il Sung នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​យោធា​កូរ៉េ​ខាង​ជើង។

ជា​ធម្មតា កូរ៉េ​ខាង​ជើង​កំណត់​យក​ថ្ងៃ​ទី ២៥ ខែ​មេសា ជា​ថ្ងៃ​មួយ​ដែល​បិតា​ស្ថាបនិក​ប្រទេស​លោក Kim Il Sung ដែល​ជា​ជីតា​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន បាន​បង្កើត​យោធា​បដិវត្តន៍​ដំបូង​បង្អស់។ ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា ខ្លួន​ប្ដូរ​ថ្ងៃ​ប្រារព្ធ​ទិវា​នេះ​ទៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​វិញ ដែល​ជា​ការ​ប្រឹងប្រែង​ក៏​ច្បាស់​ក្រឡែត​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរជាតិ​ចាប់​អារម្មណ៍ មុន​ពេល​ខ្លួន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក Kim Jong Un បាន​បញ្ជូន​គណៈប្រតិភូ​ដ៏​ធំ​មួយ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក ដែល​ក្នុង​នោះ​មាន​ទាំង​ប្អូន​ស្រី​របស់​លោក​ផង​ដែរ។ ប្អូនស្រី​របស់​លោកKim Jong Un គឺ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​កម្មករ​កូរ៉េ​ដែល​ជា​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ។ អត្តពលិក​កូរ៉េ​ខាង​ជើង ២២ នាក់ នឹង​ដើរ​ក្បួន​រួម​គ្នា​ជាមួយ​នឹង​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​ពួកគេ​នៅ​ក្រោម​ទង់​កីឡា​រួម​គ្នា​មួយ៕