កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​បាល្លីស្ទិក​វង់​ប្រតិបត្តិការ​ខ្លី២​គ្រាប់​បន្ទាប់​ពី​នាវា​មុជទឹក​អាមេរិក​ទៅ​ដល់​​កូរ៉េ​ខាង​ត្បូង

មនុស្ស​ឈរមើល​ទូរទស្សន៍​បង្ហាញ​ពីការបាញ់មីស៊ីល​របស់​កូរ៉េខាងជើងនៅទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃទី​២៥ កក្កដា ឆ្នាំ២០២៣។

កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​បាល្លីស្ទិក​វង់​ប្រតិបត្តិការ​ខ្លី២គ្រាប់​ចូល​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​របស់​ខ្លួន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​ជា​ការបន្ថែម​ដល់​ការសាកល្បង​អាវុធ​ជា​បន្ត​បន្ទាប់​កាលពីពេល​ថ្មីៗ​នេះ​ដែល​ទំនង​ជា​ការតវ៉ាប្រឆាំង​នឹងសហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ជូន​នាវា​ដ៏​សំខាន់ៗ​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ការបង្ហាញ​កម្លាំង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

នៅ​ក្នុង​ការបាញ់​បង្ហោះ​ជុំ​ទី៣របស់​ខ្លួន​ចាប់តាំង​ពី​សប្តាហ៍​មុន​មក កូរ៉េ​ខាង​ជើង​បាន​បាញ់មីស៊ីល​មុន​ពាក់​កណ្តាល​យប់​ចេញពី​តំបន់​មួយ​នៅ​ជិត​រដ្ឋធានី​ព្យុងយ៉ាង​របស់​ខ្លួន។ នេះ​បើ​តាម​នាយអគ្គ​សេនា​ធិការ​កងទ័ព​ចម្រុះ​របស់​កូរ៉េ​ខាង​ត្បូង។ នាយ​អគ្គ​សេនាធិការ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ទៀត​ថា​មីស៊ីល​ទាំង២​នេះ​បាន​ហោះ​ប្រហែល​៤ រយ​គីឡូម៉ែត្រ​មុនពេល​ធ្លាក់​ចូល​ក្នុងទឹក​ទល់មុខ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ឧបទ្វីប​កូរ៉េ។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​បាន​ហៅ​ការបាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ថា​ជា​«ការបង្ករហេតុ​ដ៏​ធ្ងន់ធ្ងរ​មួយ»ដែល​គំរាម​កំហែង​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishidaបាន​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ដាក់​ពាក្យ​តវ៉ាប្រឆាំង​ដល់​កូរ៉េ​ខាង​ជើង​អំពី​ការបាញ់​បង្ហោះមីស៊ីលដែល​ជា​ធម្មតា​ធ្វើ​តាម​រយៈស្ថានទូត​របស់​ជប៉ុន​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង។ លោក​បាន​និយាយ​ទៀត​ថា​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​តាមដាន​ខណៈ​ដែល​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​សន្តិសុខត្រីភាគី​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។ មិន​មាន​ការខូចខាត​ត្រូវ​បាន​រាយការណ៍ដែល​ទាក់ទិន​នឹង​ការបាញ់​បង្ហោះ​មីស៊ីល​ដែល​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​នេះ​ទេ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​ជប៉ុន។

ការបាញ់​បង្ហោះ​មីស៊ីល​នេះ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​កងទ័ព​ជើងទឹករបស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​នាវា​មុជ​ទឹក​ប្រើ​ដោយ​ថាមពល​នុយក្លែអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Annapolisបាន​ទៅដល់​កំពង់ផែ​មួយ​នៅ​កោះ Jeju។ ការណ៍​នេះ​បាន​បញ្ជាក់​ពី​ការខំប្រឹងប្រែង​របស់​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើន​នាវា​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ដើម្បី​បំភិទ​បំភ័យ​កូរ៉េ​ខាង​ជើង៕