ប្រទេសកូរ៉េខាងជើងប្រកាសបញ្ចប់គោលនយោបាយរបស់ខ្លួនទាក់ទិននឹងការស្វះស្វែងរកការបង្រួបបង្រួមឡើងវិញជាមួយនឹងប្រទេសកូរ៉េខាងត្បូង។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបញ្ចូលឃ្លាដែលចែងថាប្រទេសកូរ៉េខាងត្បូងគឺជា «សត្រូវចម្បងនិងជារៀងរហូត» របស់កូរ៉េខាងជើង។ លោកបានអំពាវនាវដូច្នេះនៅក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទនៅពីមុខសភាកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់កូរ៉េខាងជើង។
លោក Kim Jong Un បាននិយាយថា រដ្ឋធម្មនុញ្ញក៏គួរតែបញ្ចូលផែនការសម្រាប់ «ការត្រួតត្រា ការបង្ក្រាប និងការទាមទារយកមកវិញ» នូវកូរ៉េខាងត្បូងផងដែរ ប្រសិនបើមានសង្គ្រាមកើតឡើងជាថ្មីរវាងប្រទេសទាំងពីរ ដែលជាគូសត្រូវដ៏ជូរចត់នេះ។
លោក Kim Jong Un បានបន្ថែមថា កូរ៉េខាងជើងគ្មានបំណងចាប់ផ្ដើមសង្គ្រាមនោះទេ ហើយក៏គ្មានបំណងបញ្ចៀសសង្គ្រាមដែរ។
សភាកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានលុបចោលទីភ្នាក់ងារពីររបស់រដ្ឋាភិបាលដែលទទួលខុសត្រូវសម្រាប់គម្រោងផ្ដួចផ្ដើមបង្រួបបង្រួមឡើងវិញនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទីភ្នាក់ងារមួយទៀតដែលជំរុញផ្សព្វផ្សាយឱ្យពលរដ្ឋកូរ៉េខាងត្បូងទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំ Kumgang របស់កូរ៉េខាងជើង។
លោក Kim Jong Unបានបញ្ជាឱ្យបំផ្លាញចោលនិមិត្តសញ្ញាទាំងអស់នៃការបង្រួបបង្រួមឡើងវិញរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដែលក្នុងនោះរួមមានទាំង «បូជនីយដ្ឋានតំណាងធម្មនុញ្ញ ៣ សម្រាប់ការបង្រួបបង្រួមជាតិឡើងវិញ» នៅក្នុងរដ្ឋធានីព្យុងយ៉ាងដែលកសាងឡើងដោយលោក Kim Jong Il ដែលជាឪពុករបស់លោកផងដែរ ដោយលោកបានហៅបូជនីយដ្ឋាននោះថាជា «របស់ទើសភ្នែក»។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រលះដាក់ការលើកឡើងរបស់លោក Kim Jong Un នៅថ្ងៃអង្គារនេះក្នុងអំឡុងការប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកថាជាការលើកឡើងដែល «ប្រឆាំងនឹងជាតិនិងប្រវត្តិសាស្ត្រ» និងបានសន្យាថាកូរ៉េខាងជើងនឹងរងទណ្ឌកម្ម «ធ្ងន់ធ្ងរជាងនេះច្រើនដង» ប្រសិនបើប្រទេសនេះវាយប្រហារលើកូរ៉េខាងត្បូង។
ភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលកូរ៉េខាងជើងបានបង្កើនកម្មវិធីសាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ហើយបានប្តេជ្ញាពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ឧបទ្វីបកូរ៉េត្រូវបានបំបែករវាងកូរ៉េខាងជើងដែលគ្រប់គ្រងដោយរបបកុម្មុយនិស្ត និងភាគខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកបន្ទាប់ពីការកាន់កាប់អាណានិគមជាច្រើនទសវត្សរ៍របស់ជប៉ុនបានបញ្ចប់នៅឆ្នាំ ១៩៤៥ ដោយការចុះចាញ់នៅក្នុងសង្គ្រាមលោកលើកទីពីរ។
សង្គ្រាមបានផ្ទុះឡើងរវាងកូរ៉េខាងជើង និងខាងត្បូងក្នុងឆ្នាំ ១៩៥០ និងបានបញ្ចប់នៅឆ្នាំ១៩៥៣ តាមរយៈបទឈប់បាញ់គ្នាមួយ៕