ប្រទេសកូរ៉េខាងជើងកំពុងបដិសេធថា ខ្លួនមិនបានស្ថិតនៅពីខាងក្រោយនៃការផ្ទុះ គ្រាប់មីនកាលពីសប្តាហ៍មុនដែលបានធ្វើឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួស ហើយបានបង្កើនការតានតឹងខាងយោធាជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា វាជាការមិនសមហេតុផលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានឆ្លងកាត់ព្រំដែនទៅបង្កៃគ្រាប់មីននោះ។
សេចក្តីថ្លែការណ៍នោះបានប្រាប់ឲ្យដឹងថា គ្រាប់មីនរបស់កូរ៉េខាងជើងសម្រាប់គោលបំណងការពារប្រទេសតែមួយគត់ ប្រសិនបើកូរ៉េខាងជើងចង់វាយប្រហារកូរ៉េខាងត្បូង យើងនឹងប្រើប្រាស់អាវុធធន់ធ្ងន់ហើយ។
ការស៊ើបអង្កេតរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់យោធាកូរ៉េខាងជើងពីការឆ្លងកាត់ខុសច្បាប់ចូលក្នុងតំបន់គ្មានកងទ័ពខាងទឹកដីកូរ៉េខាងត្បូងហើយបានកប់គ្រាប់មីន។
ទាហានម្នាក់បានបាត់ជើងទាំងសងខាង ហើយទាហានម្នាក់ទៀតបានបាត់ជើងម្ខាងនៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃទី៤ ខែសីហា ដែលរដ្ឋាភិបាលទីក្រុងសេអ៊ូល បានហៅថា ជាការរំលោភកិច្ចព្រមព្រៀងយុទ្ធសន្តិភាពរបស់ប្រទេសទាំង២។
នៅក្នុងការឆ្លើយតបនៅសប្តាហ៍នេះ កូរ៉េខាងត្បូងបានបន្តការផ្សព្វផ្សាយឃោសនាការឆ្លងកាត់ព្រំដែនតាមរយៈឧឃោសនស័ព្ទដ៏ធំមួយជាលើកទីមួយនៅក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
ទំនាក់ទំនងរវាងកូរ៉េទាំង២មានការតានតឹងរួចទៅហើយពីព្រោះតែសមយុទ្ធយោធារួមគ្នារវាងរដ្ឋាភិបាលទីក្រុងសេអ៊ូល និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលមានគម្រោងចាប់ផ្តើមនៅពេលឆាប់ៗនេះ៕