ប្រទេសកូរ៉េខាងជើង បានបញ្ជារឲ្យប្រគល់អ្នកការទូតរបស់ខ្លួនដែលបានរត់ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះ ដោយបានហៅអ្នកការទូតនោះនៅលើបណ្តាញព័ត៌មានរដ្ឋកាលពីថ្ងៃសៅរ៍ថាជា«ឧក្រិដ្ឋជននិងមនុស្សថោកទាប»។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយជាសាធារណៈលើកទីមួយដើម្បីឆ្លើយតបទៅនឹងការរត់គេចខ្លួននេះថា លោក Thae Yong Ho ឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅប្រទេសអង់គ្លេស បានលួចបន្លំប្រាក់យ៉ាងច្រើន ចាប់រំលោភក្មេងមិនគ្រប់អាយុ ហើយបានធ្វើចារកម្មឲ្យកូរ៉េខាងត្បូង។
រដ្ឋាភិបាលទីក្រុងព្យូងយ៉ាង ក៏បានរិះគន់អង់គ្លេសចំពោះការអនុញ្ញាតឲ្យលោក Thae រត់គេចខ្លួន ដោយបានអះអាងថា កូរ៉េខាងជើងបានផ្តល់ព័ត៌មានដល់អង់គ្លេសពីប្រវត្តិរបស់លោកហើយបានសុំឲ្យធ្វើបត្យាប័នលោក។
លោក Thae បានប្រាប់ពួកមន្រ្តីកូរ៉េខាងត្បូងថា លោកបានរត់គេចដោយការស្អប់មេដឹកនាំ Kim Jong Un របស់កូរ៉េខាងជើង។ លោកចូលចិត្តប្រជាធិបតេយ្យកូរ៉េខាងត្បូង ហើយពីព្រោះតែលោកព្រួយកង្វល់ពីអនាគតរបស់កូនលោក។
គេជឿជាក់ថា លោក Thae បានបម្រើការងារអស់រយៈពេល១០ឆ្នាំនៅឯស្ថានទូតរបស់កូរ៉េខាងជើងក្នុងទីក្រុងឡុងដ៍ ដែលនៅទីនោះលោកបានទទួលខុសត្រូវដើម្បីរៀបចំចាត់ចែងកិត្យានុភាពកូរ៉េខាងជើង ដែលត្រូវបានទទួលការរិះគន់ចំពោះកម្មវិធីអាវុធនុយក្លែអ៊ែនិងប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន។ លោក Thae ត្រូវបានគេជឿជាក់ថា ជាអ្នកការទូតជាន់ខ្ពស់ទី២របស់កូរ៉េខាងជើង ដែលបានរត់ទៅប្រទេសកូរ៉េខាងត្បូង។
មន្រ្តីជាន់ខ្ពស់បំផុតរបស់កូរ៉េខាងជើងដែលបានរត់ទៅកូរ៉េខាងត្បូងគឺលោក Hwang Jang-yop ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សពលករដែលបានសុំសិទ្ធិជ្រកកោននៅឆ្នាំ១៩៩៧។
ការត់ចេញពីប្រទេសកូរ៉េខាងជើង បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីមានការគេចខ្លួនរបស់ក្រុមអ្នកបម្រើនិងអ្នកចាត់ចែងជនជាតិកូរ៉េខាងជើង ដែលធ្វើការនៅឯភោជនីយដ្ឋានកូរ៉េខាងជើងក្នុងប្រទេសចិនកាលពីខែមេសា៕