មន្ត្រីជាន់ខ្ពស់ទី២នៅឯស្ថានទូតកូរ៉េខាងជើងនៅក្នុងទីក្រុងឡុងដ៍ បានរត់គេចខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង។
លោក Thae Yong Ho បានមកដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងជាមួយក្រុមគ្រួសាររបស់លោក នេះបើយោងតាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ លោក Jeong Joon Hee។ លោកបានថ្លែងប្រាប់អ្នកកាសែតនៅឯសន្និសីទសារព័ត៌មានថា៖ «ពួកគេបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមកិច្ចការពាររបស់រដ្ឋាភិបាល»។
លោក Jeong បានថ្លែងថា លោក Thae បានប្រាប់ក្រុមមន្ត្រីកូរ៉េខាងត្បូងថា លោករត់គេចចេញនេះ គឺដោយសារតែលោកស្អប់ខ្ពើមរដ្ឋាភិបាលកូរ៉េខាងជើង ដែលដឹកនាំដោយលោក គីម ជុងអ៊ុន ហើយដើម្បីស្វែងរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកូរ៉េខាងត្បូង និងដោយសារតែលោកបារម្ភពីអនាគតរបស់កូនៗរបស់លោកផងដែរ។
លោក Thae ត្រូវបានគេជឿថាបានធ្វើការនៅស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍អស់រយៈពេល១០ឆ្នាំមកហើយ ដែលលោកទទួលខុសត្រូវក្នុងការគ្រប់គ្រងទៅលើមុខមាត់របស់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានរងការរិះគន់ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការរិះគន់ទៅលើបញ្ហាសិទ្ធិមនុស្សផងដែរ។ លោក Thae ត្រូវបានគេជឿថា ជាមន្ត្រីការទូតជាន់ខ្ពស់បំផុតមួយរូបរបស់កូរ៉េខាងជើងដែលរត់គេចទៅកាន់ប្រទេសកូរ៉េខាងត្បូង។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រសួងការបរទេសបានច្រានចោលមិនធ្វើការអត្ថាធិប្បាយទៅលើបញ្ហានេះនោះទេ ប៉ុន្តែបានអំពាវនាវឲ្យមានការការពារទៅលើជនភៀសខ្លួននិងជនសុំសិទ្ធិជ្រកកោនរបស់កូរ៉េខាងជើង៕