នៅពេលដែលប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ទ្វីបអាស៊ីដើម្បីបំពេញទស្សនកិច្ច១២ថ្ងៃក្នុងប្រទេសប្រាំ ឧបទ្វីបកូរ៉េមានភាពតានតឹងដោយសារប្រទេសកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍអាវុធបរមាណូនិងកាំជ្រួចមីស៊ីលផ្លោងតទៅទៀត។
ពួកអ្នករត់ចោលជួរមកពីប្រទេសកូរ៉េខាងជើងបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាកូរ៉េនៃវីអូអេអំពីអ្វីដែលពួកគេចង់ឃើញកើតចេញពីទស្សនកិច្ចជាផ្លូវការលើកទីមួយរបស់ ត្រាំ ក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលគាត់មានគម្រោងជួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅថ្ងៃទី៧ខែវិច្ឆិកាខាងមុខនេះ។
គេរំពឹងថា បញ្ហាប្រទេសកូរ៉េខាងជើងជាបញ្ហាសំខាន់បំផុតនៅក្នុងការសន្ទនាគ្នារវាងប្រធានាធិបតីនៃប្រទេសទាំងពីរនេះនៅពេលដែលការស្ទង់មតិថ្មីៗបំផុតបង្ហាញថា ជនជាតិអាមេរិកាំងចាត់ទុកកូរ៉េខាងជើងថាជាការគំរាមកំហែងបន្ទាន់បំផុតដល់ស.រ.អា.។
លោក Kim Young Soo ជាអ្នករត់ចោលជួរមកពីប្រទេសកូរ៉េខាងជើងនិងជាអតីតទាហានដែលបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០០៦។
លោកបាននិយាយថា៖ «ប្រសិនបើលោក ត្រាំ មកកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីពង្រឹងទំនាក់ទំនងរវាងកូរ៉េនិងស.រ.អា. ខ្ញុំស្វាគមន៍គាត់ ក៏ប៉ុន្តែប្រសិនបើគាត់មកបង្កសង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ ខ្ញុំមិនអាចស្វាគមន៍គាត់បានទេ។ ខ្ញុំយល់ថាក្នុងឋានៈគាត់ជាប្រមុខរដ្ឋម្នាក់ គាត់អាចនិយាយដោយសម្ងាត់ជាងមុនអំពីសង្គ្រាម»៕