កូរ៉េ​ខាង​ជើង​អះអាង​ថា​ខ្លួន​ពិតជា​សាកល្បង​ឧបករណ៍​បាញ់​គ្រាប់​រ៉ុកកែត និង​អាវុធ​រយៈ​ចម្ងាយ​ខ្លី

មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​គីម​ ជុងអ៊ុន ធ្វើទស្សនកិច្ច​នៅ​ស្ថានីយ៍​ថាមពល Kumyagang No. 2 នៅ​ប្រទេស​កូរ៉េខាងត្បូង​ កាលពី​ថ្ងៃទី​០៤ ខែឧសភា​ ឆ្នាំ២០១៩។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បង ‍«ឧបករណ៍​បាញ់​គ្រាប់​រ៉ុកកែត និង​អាវុធ​រយៈ​ចម្ងាយ​ខ្លី​មួយ​ចំនួន»។ នេះ​គឺ​ជា​ការ​អះអាង​លើក​ដំបូង​បង្អស់​របស់​កូរ៉េ​ខាង​ជើង​ អំពី​ការ​សាកល្បង​ដែល​បង្កើន​នូវ​ភាព​តានតឹង​យោធា​បន្ថែម​ទៀត​នេះ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ជា​អ្នក​បញ្ជា​ផ្ទាល់​នៅ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់​ផ្លោង​ទាំង​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង។

រូបភាព​ដែល​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង​បាន​បង្ហោះ បាន​បង្ហាញ​ថា លោក Kim Jong Un សម្លឹង​មើល​តាម​កែវ​យឹត​នៅ​ពេល​សាកល្បង​អាវុធ​នេះ ហើយ​បន្ទាប់មក​ក៏​ញញឹម​ញញែម ​នៅ​ពេល​លោក​ចង្អុល​លើ​អេក្រង់​ដែល​បង្ហាញ​ថា កោះ​ទិសដៅ​ដែល​អាវុធ​នេះ​សំដៅ​ទៅ​ត្រូវ​បាន​បំផ្លាញ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា អាវុធ​មួយ​ក្នុង​ចំណោម​អាវុធ​ដែល​បាន​បាញ់​ចេញ​មើល​ទៅ​ដូចជា​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ដែល​ទើប​បង្កើត​ថ្មី។ ប្រសិនបើ​ជា​ការ​ពិត​មែន នេះ​គឺ​ជា​ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ដំបូង​បង្អស់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​មក​នេះ។

ការ​សាកល្បង​នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​ថ្មី​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត និង​បង្កើន​ការ​ដាក់​សម្ពាធ​ជា​បន្តបន្ទាប់​លើ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង តាំង​ពី​មាន​ការ​បរាជ័យ​នៅ​ក្នុង​ការ​ចរចា​រឿង​លុប​បំបាត់​នុយក្លេអ៊ែរ​មក។

កាល​ពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ថ្កោលទោស​ការ​សាកល្បង​នេះ​ថា​ជា​ការ​បង្ក​ហេតុ​ដែល​មិន​ចាំបាច់ និង​ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​យោធា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ៕