កូរ៉េ​ខាងជើង​អះអាង​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​ទាហាន​អាមេរិកាំង​ឈ្មោះ Travis King

រូបឯកសារ៖ បុរស​នៅក្នុង​រូបថត​ដែល​មិន​បាន​បញ្ជាក់​ថ្ងៃ​ថត​នេះ គឺ​ទាហាន​អាមេរិកាំង​ឈ្មោះ Travis King។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​អះអាង​ជា​សាធារណៈ​ជា​លើក​ដំបូង​បង្អស់​ថា ​ទាហាន​អាមេរិកាំង​ឈ្មោះ Travis King កំពុង​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន។ ទាហាន​រូប​នេះ​បាន​រត់​ចូល​ទៅ​កាន់​ទឹកដី​កូរ៉េ​ខាង​ជើង​នៃ​តំបន់​សន្តិសុខ​រួម (JSA) នៅ​តំបន់​គ្មាន​យោធា (DMZ) ជិត​មួយ​ខែ​កន្លង​មក ដោយ​បាន​ក្លាយជា​ទេសចរ​ដែល​គេ​ស្គាល់​ដំបូង​គេ​បង្អស់​ដែល​ធ្វើ​ដូច្នេះ។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំពុង​ស៊ើប​អង្កេត​លើ​ទាហាន​ដែល​មាន​ឋានៈ​ជា​ពលឯក​រូប​នេះ​ចំពោះ​«ការ​ចូល​ដោយ​ខុស​ច្បាប់» ទៅ​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA ​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ។

ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា ទាហាន​រូប​នេះ​បាន«សារភាព»ថា​ ទង្វើ​របស់​ខ្លួន​នេះ​គឺ​ជំរុញ​ទឹកចិត្ត​ឡើង​ដោយសារ«ការ​ធ្វើ​បាប​ដោយ​អមនុស្សធម៌​និង​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​រង្វង់​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក»។

ទីភ្នាក់ងារ KCNA បាន​រាយការណ៍​ថា ទាហាន​អាយុ ២៣ ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​បំណង​ប្រាថ្នា​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ​ឬ​ក៏​ប្រទេស​ទី​បី​ណា​មួយ​ ដោយ​បាន​និយាយ​ថា​ លោក«ខកចិត្ត»ចំពោះ​វិសមភាព​នៅ​ក្នុង​សង្គម​អាមេរិកាំង។

លោក​ពលឯក King បាន​ប្រឈម​នឹង​ករណី​បញ្ឈប់ពី​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក​ដែល​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ នៅ​ពេល​ដែល​ពលឯក​រូប​នេះ​បាន​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ​នៅ​មូលដ្ឋាន​ទ័ព Fort Bliss ក្នុង​រដ្ឋ Texas បន្ទាប់ពី​បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​កូរ៉េ​ខាង​ត្បូង​ក្រោម​បទ​ចោទ​វាយតប់​គ្នា។

ទាហាន​រូប​នេះ​បាន​គ្រោង​ត្រៀម​ជិះ​យន្តហោះ​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញកាលពី​ថ្ងៃទី១៧ ខែ​កក្កដា ប៉ុន្តែ​បែរ​ជា​បាន​ចូលរួម​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទេសចរណ៍​ស៊ីវិល​ទស្សនា​បរិវេណ​ព្រំដែន​រវាង​កូរ៉េ​ខាង​ត្បូង​និង​កូរ៉េ​ខាង​ជើង​នៅ​ពេល​មួយ​ថ្ងៃ​ក្រោយ​មក។

ពលឯក​រូប​នេះ​ត្រូវ​បាន​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​ប្រចាំ​ការ​នៅ​តំបន់​សន្តិសុខ​រួម (JSA) ចាប់​ខ្លួន នៅ​ពេល​ដែល​ទាហាន​ដែល​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​នេះ «ចូល​ដោយ​ចេតនា​ទៅ​ក្នុង​តំបន់​នៃ​ភាគី​ខាង​កូរ៉េ​ខាង​ជើង​នៅ​ចន្លោះ​បន្ទប់​សម្រាប់​យោធា​សហរដ្ឋ​អាមេរិក​និង​យោធា​កូរ៉េ​ខាង​ជើង​ទាក់ទង​គ្នា​និង​បន្ទប់​ទឹក​របស់​មន្ត្រី​សន្តិសុខ​នៅ​តាម​បណ្ដោយ​គំនូស​ព្រំដែន​យោធា»។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​មិន​អាច​បញ្ជាក់​អំពី​ការ​លើកឡើង​របស់​កូរ៉េ​ខាង​ជើង​អំពី​ពលឯក King នេះ​បាន​ទេ។ ក្រសួង​ការពារ​ជាតិបាន​បញ្ជាក់​ជា​ថ្មី​ថា អាទិភាព​របស់​ក្រសួង​គឺ​នៅតែ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ពលឯក King ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ និង​ថា ​ខ្លួន​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​ទាំង​អស់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​រឿង​នេះ៕