កូរ៉េ​ខាងជើង​បាញ់សាកល្បង​គ្រាប់មីស៊ីល​​ច្រើន​គ្រាប់​ជា​ថ្មី​ទៀត

យោធា​កូរ៉េខាងជើង​បាញ់​មីស៊ីល​មួយ​គ្រាប់នៅ​កន្លែង​មួយ​ក្នុង​ប្រទេស​កូរ៉េខាងជើង កាល​ពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣។ (KCNA via Reuters)

កងទ័ព​កូរ៉េ​ខាងត្បូងនិយាយ​ថា​ កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់មីស៊ីល​ cruise ​ជា​ច្រើន​គ្រាប់ទៅក្នុង​សមុទ្រ​ភាគ​ខាង​កើត​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​។ ​

អគ្គសេនាធិការ​កងទ័ព​កូរ៉េខាង​ត្បូងបាន​និយាយ​ថា​ គ្រាប់មីស៊ីល​ទាំង​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ខេត្តជាប់​ឆ្នេរសមុទ្រ ​Hamhung ​របស់​ខ្លួន។​ អគ្គសេនាធិការ​កូរ៉េខាង​ត្បូងនិយាយ​ថា​ ក្រុម​អាជ្ញាធរ​ស៊ើបការណ៍​របស់​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាមេរិក​ កំពុង​សិក្សា​លម្អិតពី​គ្រាប់​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ទាំង​នោះ។​

ការ​បាញ់​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់​របស់​កូរ៉េខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ ​ជា​ការ​បាញ់សាកល្បងលើក​ទី​៤​របស់​ប្រទេស​នេះ​ ចាប់​តាំង​ពី​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​ ដែល​មានឈ្មោះ​ថា​ «ខែល​សេរីភាព​ ឬ​ Freedom Shield​» កាល​ពី​សប្តាហ៍​មុន​មក។​ រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ចាត់​ទុក​ការ​ធ្វើ​សមយុទ្ធយោធា​របស់​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក ថា​ជា​ការ​រៀប​ចំ​ការ​ឈ្លានពានទៅ​លើ​ប្រទេស​កូរ៉េខាង​ជើង។

កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីបាល្លីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​របស់​ខ្លួន​ កាល​ពី​ចុង​សប្តាហ៍កន្លង​ទៅ​ ដោយ​អះអាង​ថា វា​ជា​ការ​រៀប​ចំ​សាកល្បង នូវ​ការវាយបកដោយ​អាវុធ​នុយក្លេអ៊ែរ​ ប្រឆាំង​នឹង​ក្រុម​សម្ព័ន្ធមិត្តប្រទេស​ប្រជាធិបតេយ្យ។

សមយុទ្ធយោធា​រួមគ្នា​រវាង​កូរ៉េខាង​ត្បូង​និងអាមេរិក​ ដែល​មាន​ឈ្មោះ​ថា​ «​ខែលសេរីភាព ឬ​ Freedom Shield» មាន​រយៈពេល​១១​ថ្ងៃ ហើយនឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ៕