ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​ថា ចិន​ទំនងជា​មិន​អាច​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង​ឱ្យ​បញ្ឈប់​ការសាកល្បង​មីស៊ីល​និង​នុយក្លេអ៊ែរ​ទេ


រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះ បង្ហាញ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះ បង្ហាញ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ដោយសារ​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ប្រទេស​ចិន​ទំនងជា​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ការ​ជំរុញ​ប្រទេស​កូរ៉េ​ខាង​ជើង​ឱ្យ​បញ្ឈប់​ការ​សាកល្បង​មីស៊ីល​និង​អាវុធ​នុយក្លេអ៊ែរ​និង​បញ្ឈប់​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ​នេះ និង​អ្វី​ដែល​អាច​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី ៧ របស់​កូរ៉េ​ខាង​ជើង​ដែល​គេ​បាន​ទាយ​ទុក​នៅ​ពេញ​មួយ​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​អំពាវនាវ​ឱ្យ​ចិន​ប្រើ​ឥទ្ធិពល​មាន​ប្រៀប​របស់​ខ្លួន​លើ​កូរ៉េ​ខាង​ជើង​ដើម្បី​បញ្ចុះបញ្ចូល​ទីក្រុង​ព្យុងយ៉ាង​មិន​ឱ្យ​ធ្វើ​ការ​សាកល្បង​អាវុធ​បន្ថែម​ទៀត។ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បំផុត​និង​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​របស់​កូរ៉េ​ខាង​ជើង។

ដើម្បី​ពិភាក្សា​អំពី«ការ​កើនឡើង​នូវ​ឥរិយាបថ​បែប​បង្ក​អស្ថិរភាព​និង​បង្កើន​ភាព​តានតឹង» របស់​កូរ៉េ​ខាង​ជើង អ្នក​តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​លោក Sung Kim បាន​ជួប​ជាមួយ​នឹង​អ្នក​តំណាង​ពិសេស​ចិន​ទទួល​បន្ទុក​កិច្ចការ​ឧបទ្វីប​កូរ៉េ​លោក Liu Xiaoming កាលពី​ថ្ងៃ​ទី ៧ ខែ​ធ្នូ​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price។

លោក Price បាន​និយាយ​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​ថា នៅ​ឯ​ជំនួប​តាម​អនឡាញ​ជាមួយ​នឹង​លោក Liu Xiaoming លោក Sung Kim «បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​សម្រាប់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់​នៅ​ក្នុង​ការ​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​និង​ជំរុញ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង»។

នៅ​ថ្ងៃ​បន្ទាប់ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា​គ្រប់​ភាគី​ទាំង​អស់ «ដោះស្រាយ​ក្ដី​បារម្ភ​របស់​ភាគី​នីមួយៗ​ទៅ​វិញ​ទៅ​មក​តាម​វិធី​មួយ​ដែល​មាន​តុល្យភាព ជា​ពិសេស​ក្ដី​បារម្ភ​ដែល​អាច​ទទួល​យក​បាន​របស់​កូរ៉េ​ខាង​ជើង»។

VOA ផ្នែក​ភាសា​កូរ៉េ​បាន​ទាក់ទង​ស្ថានទូត​ចិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​សុំ​ការ​បញ្ចេញ​មតិ​លើ​វិធានការ​ដែល​រដ្ឋាភិបាល​ចិន​អាច​ធ្វើ​ឡើង ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ទេ។

ការ​ពិភាក្សា​រវាង​លោក Sung Kim និង​លោក Liu Xiaoming នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ចិន​លោក Xi Jinping ឱ្យ​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ឱ្យ​បញ្ឈប់​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប (ICBM) នៅ​ពេល​ដែល​លោក​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ៕

XS
SM
MD
LG