កូរ៉េ​ខាង​ជើង​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ថា​ជា «ទង្វើ​បង្ក​សង្គ្រាម»

សហរដ្ឋអាមេរិ​ក​និង​កូរ៉េ​ខាងត្បូង​ធ្វើការ​ហ្វឹក​ហាត់​បាញ់​កាំជ្រួច​​ឆ្លើយ​តប​ទៅកាន់​​ការ​​បាញ់​ កាំជ្រួ​ចផ្លោង​របស់​កូរ៉េ​ខាងជើង។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់​សហរដ្ឋ​អាមេរិក​មក​លើ​ខ្លួន​គឺ​ជា «ទង្វើ​បង្ក​សង្គ្រាម»។

សេចក្ដី​ប្រកាស​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​បង្កើន​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ និង​បាន​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​មាន​អាវុធ​នុយក្លេអ៊ែរ​គឺ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែ​ប៉ុណ្ណោះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​អំពី​ការ​ដាក់​បណ្ដុំ​ទណ្ឌកម្ម «ដ៏​ធំ​បំផុត​មិន​ដែល​មាន​ពី​មុន​មក» ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង និង​បាន​ព្រមាន​ថា​នឹង​ដាក់​ទណ្ឌកម្ម «ដំណាក់កាល​ទី​ពីរ» ប្រសិនបើ​វិធានការ​ទី​មួយ​មិន​មាន​ប្រសិទ្ធភាព។

ការ​ដាក់​ទណ្ឌកម្ម​នេះ​សំដៅ​លើ​បុគ្គល​ម្នាក់ ក្រុមហ៊ុន​ចំនួន ២៧ និង​កប៉ាល់ ២៨ គ្រឿង ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ក្នុង​ប្រទេស​ចំនួន ៧ ផ្សេង​ទៀត ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ ទណ្ឌកម្ម​ទាំង​នេះ​រារាំង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទាំង​នោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ហាម​ឃាត់​ពលរដ្ឋ​អាមេរិកាំង​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំង​នោះ។

ប្រសិទ្ធភាព​របស់​ទណ្ឌកម្ម​ថ្មី​ទាំង​នេះ​គឺ​អាស្រ័យ​លើ​ថា​តើ​ទណ្ឌកម្ម​ទាំង​នេះ​អាច​ត្រូវ​គេ​អនុវត្ត​បាន​ជោគជ័យ​ដែរ​ឬ​ក៏​យ៉ាង​ណា។ សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភាគ​ច្រើន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ជួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Gary Samore អតីត​អ្នក​សម្របសម្រួល​ផ្នែក​គ្រប់គ្រង​កាំភ្លើង និង​អាវុធ​ប្រល័យ​លោក​នៃ​សេតវិមាន៕