កូរ៉េខាង​ជើង​ប្រកាស​ផ្អាក​ការ​សាកល្បងអាវុធ​នុយក្លែអ៊ែរនិង​កាំជ្រួច​មីស៊ីល​ប្រតិបត្តិការ​វែង

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​គណបក្ស​កម្មករ​កូរ៉េក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​២០ មេសា ២០១៨។

កូរ៉េ​ខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួនបាន​ផ្អាក​ការ​សាកល្បង​អាវុធ​នុយក្លែអ៊ែរ​ហើយ​មាន​ផែនការ​បិទ​ទី​កន្លែង​សាក​ល្បង​អាវុធ​នុយក្លែអ៊ែរ​របស់​ខ្លួន។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​ផ្លូវការកូរ៉េ​របស់​កូរ៉េខាង​ជើងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា «កូរ៉េ​ខាង​ជើង​នឹង​មិន​ប្រើ​អាវុធ​នុយក្លែអ៊ែរឬ​ផ្ទេរ​អាវុធ​នុយក្លែអ៊ែរ​ឬ​បច្ចេក វិទ្យា​នុយក្លែអ៊ែរនៅ​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ ​ប្រសិន​បើ​មិនមាន​ការ​គំរាម​កំហែង​និង​បង្កហេតុ​នុយក្លែអ៊ែរ​ប្រឆាំង​នឹងកូរ៉េខាង​ជើង​ទេ‍»។

យោ​ធា​របស់​កូរ៉េខាង​ជើង​ក៏នឹង​បញ្ឈប់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិ ការ​វែង​ហើយ​បាន​និយាយទៀត​ថា ​ការ​ផ្អាក​នេះ​នឹង​ចូលជាធរមាន​នៅ​ថ្ងៃ​សៅរ៍​នេះ។

កូរ៉េ​ខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​ដើម្បី​ផ្លាស់​ប្តូរការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​ខ្លួន​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋ​កិច្ច។

ព្រឹត្តការណ៍​នេះ​កើត​មាន​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​មុនពេល​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុងអ៊ុន​ មាន​គម្រោង​ជួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នៅឯ​សន្និសីទ​កំពូល​ដើម្បី​ព្យាយាម​បញ្ចប់​ភាព​មិន​ចាញ់​មិន​ឈ្នះ​អាវុធ​នុយក្លែអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។ ​

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​កំពុង​មាន​ផែន​ការ​ធ្វើ​សន្និសីទ​កំពូល​ដាច់​ដោយ​ឡែក​ពី​គ្នា ​ទោះ​ជា​យ៉ាង​ណាក៏ដោយ ​មិន​ទាន់បាន​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។

បន្ទាប់​ពី​ការ​ប្រកាស​នេះ លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​បានចេញ​សារ​តាម​ប្រព័ន្ធ Twitter ថា ​ការ​ប្រកាស​របស់​កូរ៉េខា​ង​ជើង​ជា​ព័ត៌មាន​ល្អបំផុត​សម្រាប់​កូរ៉េខាង​ជើងនិង​ពិភព​លោក។ លោក​ប្រធានា​ធិបតី​ត្រាំ​និយាយ​ទៀត​ថា ​លោក​រំពឹង​នឹង​ចូលរួម​សន្និសីទ​កំពូល៕