បញ្ហាប្រែប្រួលអាកាសធាតុនឹងក្លាយជាប្រធានបទអាទិភាព សម្រាប់ការពិភាក្សារបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងប្រទេសកាណាដា នៅពេលដែល លោកចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំទ្វីបអាមេរិកខាងជើង ក្នុងទីក្រុងអូតាវ៉ា នៅថ្ងៃពុធនេះ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីមិកស៊ិកគឺលោក Enrique Peña Nieto នឹងចូលរួមជាមួយលោកអូបាម៉ា ក្នុងការប្រកាសភាពជាដៃគូខាងផ្នែកអាកាសធាតុទូទាំងទ្វីបនេះទាំងមូល ដែលមានគោលដៅផលិតថាមពលអគ្គិសនីពាក់កណ្ដាលក្នុងចំណោមបរិមាណអគ្គិសនីទាំងអស់ដែលទ្វីបនេះត្រូវការ ចេញពីប្រភពដែលមិនបញ្ចេញកាបូន ត្រឹមឆ្នាំ២០១៥។
បច្ចុប្បន្ននេះ បរិមាណអគ្គិសនីត្រឹមតែជាង១ភាគបីប៉ុណ្ណោះនៅក្នុងទ្វីបនេះ បានមកពីប្រភពថាមពលស្អាត ដូចជា ខ្យល់ ពន្លឺព្រះអាទិត្យ វារីអគ្គិសនី ឬថាមពលបរមាណូ។
សហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្ដេជ្ញារួចហើយថា នឹងកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ត្រឹម៤០ទៅ៤៥ភាគរយ ឲ្យនៅក្រោមកម្រិតឆ្នាំ ២០១២ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។
ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាននេះ នឹងត្រូវធ្វើឡើង ដោយការអភិរក្សដែនដីនិងតំបន់សមុទ្រអាកទិច ច្រើនថែមទៀត ហើយនឹងបង្កើនល្បឿន អភិវឌ្ឍបច្ចេកវិទ្យាបៃតង។ ប្រធានាធិបតីមិកស៊ិក លោក Peña Nieto ក៏ត្រូវគេរំពឹងថា នឹងប្រកាសការប្តេជ្ញាតំណាងប្រទេសរបស់លោក ចំពោះគោលដៅដូចគ្នានេះដែរ៕