ប្រទេសកូរ៉េខាងជើងបានចាប់ផ្ដើមរៀបចំសម្រាប់ជំនួបលើកទី២ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង។
លោក ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅលោក គីម ជុងអ៊ុន តាមរយៈលោក Kim Yong Chol អនុប្រធានគណៈកម្មាធិការកណ្ដាលគណបក្សពលករកូរ៉េ ដែលជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបនៃប្រទេសកូរ៉េខាងជើង។ លោក Kim Yong Chol បានជួបជាមួយនឹងលោក ត្រាំ នៅឯសេតវិមានកាលពីសប្ដាហ៍មុន។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា៖ «លោក គីម ជុងអ៊ុន បានលើកសរសើរពីលោកប្រធានាធិបតី ត្រាំ ថាបានបញ្ជាក់អំពីការប្ដេជ្ញា និងឆន្ទៈមិនធម្មតារបស់លោក»។ ទីភ្នាក់ងារព័ត៌មាននេះបានបន្ថែមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹង «រង់ចាំដោយអត់ធ្មត់ និងស្មោះត្រង់ ហើយជាមួយនឹងសហរដ្ឋអាមេរិក នឹងវិវឌ្ឍមួយជំហានម្ដងៗឆ្ពោះទៅកាន់គោលបំណងដែលនឹងសម្រេចបានដោយប្រទេសទាំងពីរ»។
សេចក្ដីរាយការណ៍នេះមិនបានបញ្ជាក់អំពីគោលបំណងទាំងនោះទេ។ ប៉ុន្តែ លោក ត្រាំ ចង់ឃើញប្រទេសកូរ៉េខាងជើងផ្ទាល់លះបង់អាវុធនុយក្លេអ៊ែរ។ ចំណែកឯលោក គីម ជុងអ៊ុន វិញ ចង់ឲ្យមានការដកទណ្ឌកម្មអន្តរជាតិចេញ ដូច្នេះលោកអាចធ្វើការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាប់យ៉ឺនរបស់ប្រទេសកូរ៉េខាងជើង។
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានសន្យាធ្វើការ «លុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ» នៅឯជំនួបលើកទីមួយរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំមុន។ ប៉ុន្តែ គ្មានភាគីណាមួយបញ្ជាក់អំពីវិធីដើម្បីសម្រេចគោលបំណងនោះទេ ហើយគេឃើញមានការវិវឌ្ឍតិចតួចប៉ុណ្ណោះកន្លងមកនៅក្នុងការសម្រេចគោលបំណងនោះ៕