ពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះត្រូវបានផ្តល់ឲ្យបុគ្គលនិងអង្គភាពចំនួនបី ដែលរួមមាន លោក Ales Bialiatski អ្នកផ្តួចផ្តើមម្នាក់នៃចលនាលទ្ធិប្រជាធិបតេយ្យនៅប្រទេសបេឡារុសកាលពីពាក់កណ្តាលទសវត្សរ៍ ១៩៨០ និងអង្គការសិទិ្ធមនុស្សចំនួនពីរ ដែលរួមមានអង្គការ Memorial ដែលជាអង្គការមួយនៅរុស្ស៊ី និងមជ្ឈមណ្ឌលដើម្បីសេរីភាពស៊ីវិល ដែលជាអង្គការមួយនៅអ៊ុយក្រែន។
ជ័យលាភីទាំងបីគឺមានមូលដ្ឋានក្នុងទឹកដីអតីតសហភាពសូវៀត ហើយជ័យលាភីពីរក្នុងចំណោមនេះស្ថិតនៅក្នុងប្រទេសគ្រប់គ្រងដោយមេដឹកនាំផ្តាច់ការគឺលោក Alexander Lukashenko នៅបេឡារុស និងលោក Vladimir Putin នៅរុស្ស៊ី។
នៅក្នុងសុន្ទរកថារបស់អ្នកស្រីនៅមុនការប្រកាសជ័យលាភីប្រចាំឆ្នាំនេះ ប្រធានគណៈកម្មការពានរង្វាន់ណូបែលជនជាតិន័រវែស អ្នកស្រី Berit Reiss-Andersen បាននិយាយថា៖ «ជ័យលាភីពានរង្វាន់សន្តិភាពគឺតំណាងឲ្យអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ»។
អ្នកស្រីបានបន្តថា៖ «អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ពួកគេបានលើកកម្ពស់សិទ្ធិក្នុងការរិះគន់រដ្ឋអំណាច និងការពារសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។ ពួកគេបានធ្វើកិច្ចប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកត់ត្រាអំពីឧក្រិដ្ឋកម្មសង្រ្គាម ការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានអំណាច។ រួមគ្នា ពួកគេបង្ហាញពីសារៈសំខាន់របស់សង្គមស៊ីវិលដើម្បីសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីពានរង្វាន់ត្រូវបានប្រកាសឡើង អ្នកស្រី Alice Mogwe ប្រធានសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) បានថ្លែងថា៖ «ពានរង្វាន់នេះគឺជាពានរង្វាន់នៃការតស៊ូ។ ការតស៊ូប្រឆាំងនឹងភាពផ្តាច់ការ ប្រឆាំងនឹងការប៉ុនប៉ងដើម្បីបំបិទសំឡេងអ្នកដែលហ៊ានក្រោកឈរ និងរិះគន់ការរំលោភបំពានសិទ្ធិមនុស្ស»។
អ្នកស្រី Mogwe បានបន្តថា៖ «សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិចងចាំថា លោក Ales Bialiatski កំពុងស្ថិតនៅក្រោមការជាប់ឃុំក្រោមហេតុផលមិនសមស្របនៅក្នុងពន្ធនាគារនៃរបបដឹកនាំរបស់លោក Lukashenko អង្គការ Memorial ត្រូវបានរំលាយចោលកាលពីខែធ្នូ ឆ្នាំ២០២១ ក្រោមហេតុផលបំភ្លៃដោយអាជ្ញាធររុស្ស៊ី ស្របពេលសមាជិកមជ្ឈមណ្ឌលដើម្បីសេរីភាពស៊ីវិលកំពុងរស់នៅក្នុងប្រទេសជាប់ក្នុងសង្រ្គាមមួយ ក្រោមការឈ្លានពានដោយរដ្ឋអំណាចបរទេស។ បើទោះបីជាដូច្នេះក្តី ការងាររបស់ពួកគេនៅតែបន្ត ហើយមានសារៈសំខាន់ជាងពេលណាៗទាំងអស់»។
ពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុនត្រូវបានផ្តល់ឲ្យអ្នកស្រី Maria Ressa មកពីប្រទេសហ្វីលីពីន និងលោក Dmitry Muratov ជាជនជាតិរុស្ស៊ី។ គណៈកម្មការពានរង្វាន់ណូបែលបាននិយាយថា បុគ្គលទាំងពីររូបនេះបានទទួលពានរង្វាន់ «សម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ ដែលជាលក្ខខណ្ឌរួមចំណែកសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពយូរអង្វែង»។
ពានរង្វាន់ណូបែលសន្តិភាពគឺមានភ្ជាប់ជាមួយនឹងទឹកប្រាក់ជិតមួយលានដុល្លារអាមេរិក និងមេដាយមាស ១៨ការ៉ាត់។
លោក Muratov បានលក់មេដាយណូបែលរបស់លោក ដើម្បីជ្រោមជ្រែងដល់កុមារអ៊ុយក្រែន ដែលបានបាត់បង់ទីលំនៅដោយសារសង្រ្គាម។ ហើយសប្បុរសជនម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ បានទិញមេដាយមាសនេះ ក្នុងទឹកប្រាក់ ១០៣.៥ លានដុល្លារ។
ជ័យលាភីដទៃទៀតនៃពានង្វាន់ណូបែលសន្តិភាពរួមមាន លោក Martin Luther King, Jr. អង្គការកាកបាទក្រហម លោក Nelson Mandela អ្នកស្រី Mother Theresa អង្គការយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ លោក Dag Hammarskjold និងលោក Barack Obama។
គ្មានការប្រគល់ពានរង្វាន់ណូបែលសន្តិភាពអំឡុងពេលមានសង្រ្គាមលោកលើកទី២ រវាងឆ្នាំ ១៩៤០ និងឆ្នាំ ១៩៤៥នោះទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា