លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈនៅថ្ងៃសុក្រនេះថា រឿងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ» ឬ EBA របស់សហភាពអឺរ៉ុប លែងជាកង្វល់របស់កម្ពុជាហើយ ព្រោះលោកថាវាគង់តែនឹងរបូតពីដៃរបស់កម្ពុជានៅឆ្នាំ ២០២៧។
ប៉ុន្តែអ្នកតាមដានបង្ហាញការបារម្ភ អំពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ថាអាចនឹងបង្ខំឱ្យអ្នកវិនិយោគបរទេស ងាកទៅធ្វើជំនួញនៅប្រទេសផ្សេងក្រៅពីកម្ពុជា ហើយការប្រកួតប្រជែងទីផ្សាររបស់កម្ពុជាជាមួយប្រទេសជិតខាង ក៏នឹងជួបបញ្ហាប្រឈមមួយចំនួន។ ពួកគេបន្ថែមថា ភាពអត់ការងារធ្វើក៏នឹងកើតឡើងផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រនេះ លោក ហ៊ុន សែន ថ្លែងថា ការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាបញ្ហាសម្រាប់កម្ពុជាទៀតហើយ។ លោកថ្លែងបែបនេះ ដោយប្រតិកម្មទៅនឹងមតិខ្លះ ដែលថាលោកមិនហ៊ានចុះជួបកម្មករ ព្រោះខ្លាចកម្មករស្រែករឿង EBA។
លោក ហ៊ុន សែន ថ្លែងថា៖ «ហើយមានអាមួយនោះ គេថាលោក ហ៊ុន សែន មិនហ៊ានទៅជួបកម្មករទេ ខ្លាចកម្មករ ៤ [ឬ] ១០នាក់ស្រែក EBA។ ឯងមើលទៅ អញជួបម្តង១ម៉ឺន ៨ពាន់នាក់ ហើយគេមិនដឹងថា EBA ជាស្អីផងទេ។ មិនមែនថាក្មួយៗមិនដឹងទេ ប៉ុន្តែក្មួយៗបានរងគ្រោះដោយសារ EBA ហើយឬនៅ?វាអត់រងគ្រោះ! គេនិយាយគ្នា ហើយតើ! អារឿងហ្នឹងនោះ!»។
លោកបន្តថា៖ «ហើយ EBA ហ្នឹង វាគត់តែបាត់ទេ ឆ្នាំ ២០២៧ វាបាត់ហើយ។ អ៊ីចឹងបើបានវាបាត់ ក៏វាអត់បញ្ហាទេ។ យើងប្រឹងខ្លួនឯងទៅ កុំប្រើអុកស៊ី [អ៊ុកស៊ីហ្សែន] គេច្រើនពេក ក្រែងលោគេដកអ៊ុកស៊ីទៅ វាដាច់ខ្យល់ៗ»។
ចាប់តាំងពីឆ្នាំ ២០០១ មក កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ពីសហភាពអឺរុប ដោយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចនាំចេញទំនិញគ្រប់មុខទៅកាន់ប្រទេសស្ថិតក្នុងសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាចំណេញទឹកប្រាក់ប្រមាណជា ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក៏ប៉ុន្តែកម្ពុជាត្រូវបានសហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយ ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យកម្មករ កម្មការិនី ចង្អុលមុខក្រុមគណបក្សប្រឆាំង ព្រោះលោកចោទក្រុមប្រឆាំងនឹងរដ្ឋាភិបាលថាជាអ្នកធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
ការប្រកាសរបស់លោក ហ៊ុន សែន អំពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA កើតមានឡើង ក្រោយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ដូចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលទទួលបានការគាំទ្រខ្លាំងក្លាពីប្រទេសចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីនាំចេញផលិតផលផ្សេងទៀត ដូចជាផលិតផលកសិកម្ម និងគ្រឿងបង្គំអេឡិចត្រូនិក សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គំកុំព្យូទ័រជាដើម។
ថ្មីៗនេះកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលអាចឱ្យកម្ពុជានាំចេញទំនិញមួយចំនួនដូចជាសម្លៀកបំពាក់ ស្បែកជើងជាមួយការកាត់បន្ថយពន្ធ ឬលើកលែងពន្ធ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នឹងបាត់បង់ នៅពេលដែលកម្ពុជាងើបចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧។
លោកថ្លែងថា៖ «ឆ្នាំ ២០២៧ ហ្នឹង បើតាមការវាយតម្លៃរបស់សហគមន៍អន្តរជាតិ គឺ យើងនឹងឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតួចហ្នឹង ទៅប្រទេសដែលនិយាយឱ្យចំគឺ ឆ្លងផុតអភិវឌ្ឍន៍តិចតួចហើយ។ អ៊ីចឹងលក្ខខណ្ឌមួយចំនួនដែលយើងទទួលបាននោះគឺ ប្រាកដជាបាត់ហើយ លក្ខខណ្ឌពាណិជ្ជកម្ម លក្ខខណ្ឌអីផ្សេងៗទៀត ដែលគេមានហ្នឹង យើងនឹងបាត់បង់ ហើយដោយសារតែយើងក្លាយជាប្រទេសកំពុងអភិវឌ្ឍ»។
ប្រធានសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា យល់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA មានសារៈសំខាន់សម្រាប់កម្ពុជា ព្រោះវាបានបង្កើតឱ្យមានឱកាសការងារច្រើនសម្រាប់កម្មករ កម្មការិនីកម្ពុជាជិត ១លាននាក់ និងអ្នកទទួលផលដោយប្រយោលប្រមាណ ២លាននាក់ផ្សេងទៀត។
លោកសម្តែងការព្រួយបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ព្រោះលោកទទួលបានដំណឹងជុំវិញការព្រមានរបស់សហគមន៍អឺរ៉ុបក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធនេះបន្ថែមទៀតពីកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបានស្តារ និងអនុវត្តទៅតាមលក្ខខណ្ឌ ដែលតម្រូវឱ្យគោរពសិទ្ធិមនុស្ស សិទ្ធិការងារ សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។
លោកថ្លែងថា៖ «ប្រសិនបើកម្ពុជាត្រូវបានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ គេតម្រូវឱ្យកម្ពុជានាំទំនិញចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ឬបណ្តាប្រទេសផ្សេងៗទៀត តម្រូវឱ្យមានការបង់ពន្ធ នោះវានឹងធ្វើឱ្យអ្នកវិនិយោគ គាត់នឹងគិតពិចារណាថា តើគាត់វិនិយោគនៅបណ្តាប្រទេសផ្សេងក្នុងតំបន់ ហើយទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ដូច្នេះគាត់នឹងពិចារណាទៅលើផលចំណេញរបស់គាត់»។
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងថា កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលឆាប់ៗខាងមុខ។ ក៏ប៉ុន្តែលោកបានបង្ហាញក្តីបារម្ភថា គ្រាដែលកម្ពុជាចាកចេញពីប្រទេសដែលមានប្រាក់ចំណូលតិចតួច នោះការខ្ចីប្រាក់ពីបណ្ដាប្រទេសផ្សេងៗ និងធនាគារនានា នឹងលែងមានការប្រាក់ទាបដូចមុនទៀតហើយ។
ចំណែក រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត បានលើកឡើងក្នុងវេទិកាសាធារណៈស្តីពីច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ ដែលរៀបចំឡើងកាលពីថ្ងៃទី ២៥ ខែមករាថា កម្ពុជាមិនបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក និង EBA របស់សហភាពអឺរ៉ុបនោះទេ ដោយលើកហេតុផលថា បីឆ្នាំចុងក្រោយនេះ កម្ពុជាមិនបានពឹងតែលើប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះទេ សម្រាប់ការនាំចេញទំនិញរបស់ខ្លួននោះ៕