មិន​មាន​សមាជិក​ពី​បក្ស​ប្រឆាំង​ទេ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​ស៊ីមបាវ៉េ

ក្រុម​យោធា​ស៊ីមបាវ៉េ​ បែរ​ទៅ​កាន់​មេដឹកនាំ​ថ្មី​របស់​ពួកគេ ក្នុង​ពីធី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ របស់​លោក Emmerson Mnangagwa ក្នុង​រដ្ឋធានី​ហារ៉េរ៉េ កាលពីថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

លោក​ Emmerson Mnangagwa​ ប្រធានាធិបតី​ទើប​ទទួល​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៃ​ប្រទេស​ស៊ីមបាវ៉េ​ ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​តែង​តាំង​ពួក​មន្ត្រី​យោធា​ជាន់​ខ្ពស់​ឱ្យ​កាន់​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​លោក។ សេចក្តី​ប្រកាស​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​តាម​ទូរទស្សន៍របស់​រដ្ឋ។​

ពួក​សមជិក​នៃ​ក្រុម​ប្រឆាំង​មិន​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ដែល​មាន​សមាជិក​២២​នាក់​នេះ​ទេ ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការបំបាត់​សេចក្តី​សង្ឃឹម​ថា​ លោក Mnangagwa ​នឹង​ស្វះ​ស្វែង​បង្កើត​បរិយាកាស​នយោបាយ​មួយ​មាន​ការ​រួម​បញ្ចូល​ច្រើន​ជាង​លោក Robert Mugabe ដែល​កាន់​តំណែង​មុន​លោក។​

លោក ​Mugabe អាយុ​៩៣​ឆ្នាំ ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​នេះ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​ចំនួន ៣៧ ឆ្នាំ​ បាន​លា​លែង​ចេញ​ពី​តំណែង​នៅ​ក្រោម​គំនាប​សង្កត់​កាល​ពី​សប្តាហ៍​មុន​ នៅ​ក្រោយ​កង​យោធា​បាន​ដក​លោក​ចេញ​ពី​អំណាច​ហើយ​លោក​បាន​បាត់បង់​ការ​គាំទ្រ​ពី​ពួក​សមាជិក​សភា​នៃ​គណបក្ស​ ZANU-PF ​ដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក។​

លោក ​Sibusio Moyo ​ដែល​ជា​ឧត្តមសេនីយ៍​នៃ​កង​ទ័ព​ជើង​គោក​ដែល​បាន​ប្រកាស​តាម​ទូរទស្សន៍​រដ្ឋ​អំពី​ការ​កាន់​កាប់​រដ្ឋាភិបាល​ដោយ​កង​យោធា​និង​អំពី​លោក ​Mugabe ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​នោះ​ បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី។​

លោក​ Perence Shiri ​មេបញ្ជាការ​កង​ទ័ព​អាកាស​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដី​ធ្លី​និង​កសិកម្ម៕