សេតវិមាន​និយាយ​​ថា​«គ្មាន​​កង្វល់​ថ្មី»ក្នុងការពិនិត្យ​សុខភាព​​ប្រចាំ​ឆ្នាំ​របស់​លោក Biden ​ទេ

លោក​ប្រធានាធិបតី​ Joe Biden ដើរ​ចេញ​ពី​សេតវិមាន​កាលពីថ្ងៃពុធ ទី២៨ កុម្ភៈ ឆ្នាំ២០២៤។

លោក​វេជ្ជបណ្ឌិត Kevin O'Connor វេជ្ជបណ្ឌិត​របស់​លោក​ប្រធានាធិបតី​ Joe Biden បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​លោក​ប្រធានាធិបតី​ជា​«មនុស្ស​ប្រុស​ម្នាក់​អាយុ​៨១​ឆ្នាំមាន​សុខភាព​ល្អ ​សកម្ម​និង​មាំទាំដែល​នៅ​តែ​ស័ក្តិសម​នឹង​បំពេញ​មុខនាទី​ជាប្រធានាធិបតីដោយ​ជោគជ័យ‍»។ សេតវិមាន​បាន​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​នេះ​កាល​ពី​ថ្ងៃពុធ ​នៅ​ក្រោយ​ការពិនិត្យសុខភាព​ប្រចាំឆ្នាំ​របស់​លោក Biden។

លោក​វេជ្ជបណ្ឌិត Kevin O'Connor បានថ្លែង​នៅ​ក្រោយ​លោក Biden ​បាន​អញ្ជើញ​ទៅកាន់មជ្ឈមណ្ឌលពេទ្យ​ទាហាន​ជាតិ Walter Reed ​នា​រដ្ឋធានីវ៉ាស៊ីនតោនកាលពី​ព្រឹក​ថ្ងៃពុធ​ថា​៖​«លោក​ប្រធានាធិបតីមាន​អារម្មណ៍​ល្អ​ហើយការពិនិត្យ​សុខភាពលោក​នៅ​ឆ្នាំ​នេះ​គ្មានកង្វល់អ្វី​ថ្មី​ទេ។ លោក​នៅ​តែ​មាន​សុខភាព​ល្អ​ដើម្បី​បំពេញ​កាតព្វកិច្ចនិងធ្វើ​តាម​ការទទួលខុស​ត្រូវ​ទាំង​អស់​របស់​លោកដោយ​គ្មាន​ការលើកលែង​ឬត្រូវ​សម្រប​តាម​ស្ថានការណ៍​ឡើយ‍»។​

លោក O’Connor​ បានថ្លែង​ថា​ការពិនិត្យ​សុខភាពមាន​រួមការពិនិត្យ​ដោយ​ពេទ្យ​ភ្នែក ពេទ្យធ្មេញ ​ពេទ្យ​ពិនិត្យ​រាងកាយ​ ពេទ្យខាង​សរសៃ​ប្រសាទ ​ពេទ្យខាង​ដំណេក​ ពេទ្យ​បេះដូង ​ពេទ្យ​ឆ្លុះអេកូ ​និង​ពេទ្យ​ខាង​ជំងឺសើ​ស្បែក។​

នេះ​ជាការពិនិត្យ​សុខភាពលើកទី​បី​របស់​លោក Biden ​តាំងពីលោក​ចូល​កាន់​តំណែង​ប្រធានាធិបតី​មក ​នៅ​ពេល​មាន​កង្វល់​អំពី​អាយុ​លោក​ដោយសារ​លោកឈរ​ឈ្មោះបោះឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ។

លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ដោយ​និយាយ​លេង​ជាមួយ​ក្រុម​អ្នកកាសែតនៅ​សេតវិមាន​ក្រោយ​ការ​ពិនិត្យ​សុខភាព​លោក​ថា៖​«ពួកគេ​យល់​ថា​ខ្ញុំ​នៅក្មេង​នៅ​ឡើយ។ គ្មាន​អ្វីខុស​ប្លែកពី​ឆ្នាំ​ទៅ​ទេ‍»៕