ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋរៀបចំការបោះឆ្នោតបឋមនៅរដ្ឋ Michigan នៅថ្ងៃអង្គារនេះ


ពលរដ្ឋម្នាក់កំពុងបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋម​សម្រាប់រដ្ឋ Michigan នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងទីក្រុង Grand Rapids កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ពលរដ្ឋម្នាក់កំពុងបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋម​សម្រាប់រដ្ឋ Michigan នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងទីក្រុង Grand Rapids កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុម​អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ​ Michigan ​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ក្នុង​ការបោះឆ្នោត​បឋមដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យនិង​គណបក្ស​សាធារណរដ្ឋ ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden និង​អតីត​ប្រធានាធិបតី​លោក​ Donald Trump ត្រូវ​គេ​រំពឹង​ទុកជា​ទូទៅ​ថា ​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោតនេះ។​

សំឡេង​គាំទ្រនិង​ជ័យ​ជម្នះ​ទាំង​នេះ​ នឹង​ត្រូវគេ​តាម​ដានដោយ​យកចិត្តទុកដាក់ ​ថា​ជា​សញ្ញា​គាំទ្រដល់​បេក្ខជន​ទាំង​ពីរនៅ​ក្នុង​រដ្ឋសំខាន់ៗ​ មុនការ​ប្រកួតប្រជែងជា​ផ្លូវការ​រវាង​បេក្ខជន​ទាំង​ពីរនេះ​ជា​ថ្មី​ម្តង​ទៀត​ ដែល​កាល​ពីការ​ជួប​គ្នា​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុងឆ្នាំ​២០២០​ លោក Biden ជា​អ្នក​ឈ្នះ។​

រដ្ឋ Michigan​ មាន​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អារ៉ាប់​រស់​នៅ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ការ​ប្រឆាំងនឹងការគាំទ្រ​របស់រដ្ឋបាល​លោក Biden លើ​សង្គ្រាម​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កាហ្សា បាន​ធ្វើ​ឱ្យសមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ អំពាវនាវ​ដល់​ក្រុម​អ្នក​បោះឆ្នោត​មិន​ឱ្យ​បោះឆ្នោត​គាំទ្រ​លោក​ Biden នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​គូស​ត្រង់​ចំណុច “uncommitted” នៅ​លើ​សន្លឹក​ឆ្នោត។

លោក ​Trump បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​នៅ​គ្រប់រដ្ឋទាំង​អស់​រហូត​មក​ដល់ពេល​នេះ ហើយ​ការ​ស្ទង់​មតិក្នុង​រដ្ឋ Michigan បង្ហាញ​ថា លោកកំពុង​មាន​សំឡេង​នាំ​មុខខ្លាំងក្នុងរដ្ឋ​នេះ។

ប៉ុន្តែ​គូប្រជែង​សំខាន់​ដែល​នៅ​សល់​តែ​ម្នាក់របស់​លោក ​Trump គឺ​អ្នក​ស្រី​ Nikki Haley ដែល​ជា​អតីត​អភិបាល​រដ្ឋ​ South Carolina នៅ​មិន​ទាន់​ដក​ខ្លួន​ចេញ​ពី​ការប្រកួត​ប្រជែង​នេះ​នៅ​ឡើយ​ទេ ដោយ​លើក​ហេតុផល​ថា​ លោក Trump នឹង​ចាញ់​លោក Biden ក្នុង​ការប្រកួត​ប្រជែង​ជា​មួយ​លោក Biden ក្នុង​ការបោះឆ្នោត​សកលក្នុង​ខែ​វិច្ឆិកា​ខាង​មុខ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG