លោក Mykhailo Podolyak ដែលជាទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា មានការជឿនលឿនតិចតួចត្រូវបានសម្រេចឡើងក្នុងអំឡុងពេលនៃការជួបចរចាជុំទី៣រវាងអ្នកចរចាអ៊ុយក្រែននិងរុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។
ការចរចាបានពិភាក្សាគ្នាអំពីការបង្កើតច្រករបៀងសុវត្ថិភាពដែលនឹងអនុញ្ញាតឲ្យជនស៊ីវិលរត់គេចខ្លួនចេញពីសង្គ្រាម ក៏ប៉ុន្តែ លោក Podolyak បាននិយាយថា មិនមានការបំបែកភាពទាល់ច្រកជាដុំកំភួនដែលអាចជួយបញ្ចប់ជម្លោះនោះទេ។
លោក Podolyak បាននិយាយទៀតថា៖ «មានសញ្ញាវិជ្ជមានតិចតួចខ្លះអំពីភស្តុភារនៃរបៀងមនុស្សធម៌»។ ក៏ប៉ុន្តែ លោកមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតបន្ទាប់ពីការចរចានៅក្នុងប្រទេសបេឡារុសទេ។
រុស្ស៊ីបានប្រកាសនូវការឈប់បាញ់គ្នាមានកម្រិតមួយទៀតកាលពីថ្ងៃចន្ទ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអ៊ុយក្រែនចាកចេញពីទីក្រុងដែលត្រូវបានឡោមព័ទ្ធខ្លះ បន្ទាប់ពីការខំប្រឹងប្រែងដើម្បីបង្កើតកន្លែងឆ្លងកាត់សុវត្ថិភាពសម្រាប់ជនស៊ីវិលបានទទួលបរាជ័យកាលពីចុងសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមានការបង្ហាញណាមួយកាលពីយប់ថ្ងៃចន្ទថា ការបាញ់ផ្លោងរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានបញ្ឈប់នោះឡើយ។
អ្នកចរចារុស្ស៊ីម្នាក់បាននិយាយថា រុស្ស៊ីរំពឹងថានឹងមានការចរចាមួយលើកទៀតជាមួយអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Leonid Slutsky ជាអ្នកចរចារុស្ស៊ី បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា៖ «ការចរចាលើកទី៤ នឹងធ្វើឡើងនៅប្រទេសបេឡារុសនៅពេលឆាប់ៗនេះ។ ខ្ញុំនឹងមិនអាចប្រាប់កាលបរិច្ឆេទពិតប្រាកដទេ។ វានឹងត្រូវកំណត់ ប្រហែលថ្ងៃស្អែក»។
ក្រុមមន្ត្រីអ៊ុយក្រែនបានរិះគន់ផ្លូវជម្លៀសជនស៊ីវិលដែលបានលើកឡើងដោយរដ្ឋាភិបាលក្រុងមូស្គូ ដែលអនុញ្ញាតឲ្យជនស៊ីវិលអ៊ុយក្រែនភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីនិងបេឡារុសបាន ហើយថា ជនស៊ីវិលដែលរត់គេចខ្លួនចេញពីតំបន់មានសង្គ្រាមនឹងត្រូវអនុញ្ញាតឲ្យបានទៅដល់តំបន់ភាគខាងលិចអ៊ុយក្រែន ឬប្រទេសនានានៅក្នុងសហភាពអឺរ៉ុប។
ក្នុងសារបង្ហោះតាម Twitter មុនការចរចានៅពេលថ្មីៗនេះបន្តិច លោក Podolyak បានច្រាន ចោលអំពើហិង្សាទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងជនស៊ីវិល។
គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី បានជួបគ្នាចំនួន៣លើកនៅក្នុងប្រទេសបេឡារុសចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក។
ក្នុងរណសិរ្សការទូតវិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឲ្យរុស្ស៊ីបញ្ចប់ការវាយប្រហារទៅលើជនស៊ីវិល។
លោក Blinken បាននិយាយនៅឯសន្និសីទកាសែតមួយជាមួយរដ្ឋមន្ត្រីការបរទេសឡេតូនីលោក Edgars Rinkevics នៅក្នុងរដ្ឋធានីរីហ្គាថា៖ «សូមអនុញ្ញាតឲ្យស្បៀងអាហារនិងថ្នាំសង្កូវចូលក្នុងប្រទេសអ៊ុយក្រែន។ សូមអនុញ្ញាតឲ្យពលរដ្ឋចេញទៅកាន់ទីមានសុវត្ថិភាព ហើយបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន»។
ខណៈពេលដែលកំពុងស្ថិតនៅក្នុងរដ្ឋធានីនៃប្រទេសឡេតូនី លោក Blinken ក៏បានជួបជា មួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid ដែលបានប្រាប់ពួកអ្នកយកព័ត៌មានថា «អ៊ីស្រាអែល បានតាំងចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និងReuters។