ប្រជាកសិកររបស់ប្រទេសស្រីលង្កាធ្លាប់ជាអ្នកគាំទ្រដ៏ខ្លាំងដល់គណបក្រគ្រប់គ្រងអំណាចរបស់លោក Rajapaksa ប៉ុន្តែការដាក់បម្រាមការនាំចូលជីកសិកម្មពីបរទេសបានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំរបស់ពួកគេ ក៏ដូចជាប៉ះពាល់ដល់ការគាំទ្ររបស់ពួគេទៅលើគណបក្សនយោបាយដែលធ្លាប់តែមានអំណាច និងការពេញនិយមពីប្រជាពលរដ្ឋស្រីលង្កាក្នុងពេលកន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលរបស់ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa កាលពីឆ្នាំទៅបានដាក់បម្រាមដល់ការនាំចូលជីកសិកម្មគីមីពីក្រៅប្រទេសក្នុងគោលបំណងដើម្បីរក្សារូបីយវត្ថុបរទេស និងជៀសវាងការធ្លាក់ចូលក្នុងបំណុលកាន់តែជ្រៅថែមទៀត។
លោកប្រធានាធិបតី Rajapaksa ចង់ជំរុញស្រីលង្កាឲ្យក្លាយជាប្រទេសទីមួយដែលធ្វើកសិ កម្មដោយប្រើប្រាស់ជីសរីរាង្គទាំងស្រុង។
ប៉ុន្តែការប៉ុនប៉ងរបស់លោកនេះបានក្លាយជាការអន្តរាយមួយ។ ការប្រមូលផលពីដំណាំកសិ កម្មរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករស្រីលង្កា និងប៉ះពាល់លើតម្រូវការសំខាន់ៗប្រចាំថ្ងៃរបស់ពួកគេដូចជាប្រេងឥន្ធនៈ ម្ហូបអាហារ ថ្នាំពេទ្យដែលរបស់ទាំងអស់នេះកំពុងមានការខ្វះខាតនៅលើទីផ្សារ ហើយមានតម្លៃខ្ពស់ខ្លាំងពេក។
លោក S Jaliyagoda អាយុ៦៦ឆ្នាំ ប្រធានសមាគមកសិករស្រូវរបស់ស្រីលង្កានិយាយថា
«មហន្តរាយនេះគឺជាលទ្ធផលនៃនយោបាយ ដែលដាក់ចេញដោយក្រុមមនុស្សដែលកំពុងអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដែលអត់យល់ពីការធ្វើស្រែចម្ការនោះឡើយ»។
ដោយហៅផែនការនោះថា«ជាភាពល្ងង់ខ្លៅនោះ» ប្រធានសមាគមកសិកររូបនេះ និយាយថាក្រុមអ្នកជំនាញបានរិះគន់ចំណាត់ការនោះ ហើយក្រុមប្រជាកសិករបានសម្តែងនូវការជំទាស់របស់ពួកគេទៅលើផែនការនោះ។
លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «ក៏ប៉ុន្តែបើទោះបីជាមានការជំទាស់ និងរិះ គន់យ៉ាងណាក្តី ក៏រដ្ឋាភិបាលស្រីលង្កានៅតែអនុវត្តផែនការរបស់គេដោយដាក់ចេញនូវគោលការណ៍ដ៏តឹងរឹងហើយបង្ខំយើងឱ្យអនុវត្តវា និងនៅទីបញ្ចប់ ផែនការនេះក៏ត្រូវទទួលបរាជ័យ»។
លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បន្តទៀតថា «ទំនិញសព្វសារពើឡើងថ្លៃយ៉ាងខ្លាំង។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការលំបាកខ្លាំងឡើងៗ ហើយភាពអត់ឃ្លានបានក្លាយជារឿងទូទៅមួយ។ ដូចនេះនៅពេលនេះ ប្រជាពលរដ្ឋបានបដិសេធមិនគាំទ្ររដ្ឋាភិ បាលទៀតនោះទេ។
ប្រជាជនស្រីលង្កា១ភាគ៤នៃប្រជាពលរដ្ឋសរុបចំនួន២២លាននាក់របស់ប្រទេសនេះ រស់នៅដោយពឹងផ្អែកលើវិស័យកសិកម្ម៕
គណបក្សគ្រប់គ្រងអំណាចក្នុងប្រទេសសី្រលង្កាមានការគាំទ្រតិចតួចពីកសិករដោយសារទិន្នផលស្រូវធ្លាក់ចុះខ្លាំង
ទីក្រុង Tissamaharama ស្រីលង្កា —