រដ្ឋាភិបាលអាមេរិកត្រូវបានបិទមួយផ្នែករហូតដល់យ៉ាងហោចណាស់ត្រឹមថ្ងៃព្រហស្បតិ៍ខាងមុខនេះ ឬក៏អាចជាច្រើនថ្ងៃ ឬជាច្រើនសប្ដាហ៍ក៏ថាបាន ដោយសារតែលោកប្រធានាធិបតី Donald Trump នៅតែប្រកាន់ជំហរដាច់ណាត់នៅក្នុងការទាមទារថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក និងដោយសារតែគណបក្សប្រជាធិបតេយ្យនៅតែប្រឆាំងដាច់អហង្ការចំពោះរឿងនេះ។
លោក Trump បានសរសេរនៅលើ Twitter កាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា៖ «មធ្យោបាយសំខាន់បំផុតដើម្បីបញ្ឈប់ពួកឧក្រិដ្ឋជន គ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំគឺនៅឯព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក។ យើងត្រូវការសន្តិសុខព្រំដែន ហើយមនុស្សរាល់គ្នាដឹងថា យើងមិនអាចមានសន្តិសុខព្រំដែន ដោយគ្មានជញ្ជាំងព្រំដែននោះបានទេ»។
លោក Dick Durbin សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Illinois ខាងគណបក្សប្រជាធិបតេយ្យ បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃដំបូងនៃការបិទរដ្ឋាភិបាល ថា «នៅពេលពាក់កណ្ដាលយប់ថ្ងៃសុក្រ លោកប្រធានាធិបតី Trump បានសម្រេចបិទរដ្ឋាភិបាល ដោយសារតែការទាមទារចង់បានជញ្ជាំងព្រំដែនរបស់លោក។ នេះគឺជាគំនិតដែលគ្មានហេតុផល និងគ្មានក្ដីមេត្តា»។
ការបិទរដ្ឋាភិបាលលើកនេះ គឺជាលើកទី ៤ ហើយ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលសភា និងសេតវិមានប្រធានាធិបតី គ្មានលទ្ធភាពឯកភាពគ្នាលើថវិកា និងគោលបំណងនៃការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។
នៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៦ លោក Trump បានសន្យាម្ដងហើយម្ដងទៀតថា ប្រទេសម៉ិកស៊ិកជាអ្នកចំណាយសម្រាប់ការសាងសង់ជញ្ជាំងព្រំដែននេះ។ ប៉ុន្តែ ឥឡូវនេះ សេតវិមានបានបញ្ជាក់ថា ប្រទេសម៉ិកស៊ិកនឹងរួមចំណែកដោយប្រយោល ដោយសហរដ្ឋអាមេរិកទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលចរចាឡើងវិញរវាងសហរដ្ឋអាមេរិក ប្រទេសកាណាដា និងម៉ិកស៊ិក៕