ប្រជាជន​នីហ្សេរីយ៉ា​រាប់​លាន​នាក់​នៅ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ខ្លួន

រូបភាព​ប្រជា​ជន​ដែល​ត្រូវ​បាន​ផ្លាស់​ទី នៅ​មជ្ឈមណ្ឌល​ EYN CAN ក្នុង​ជំរំ Maiduguri ប្រទេស​នី​ហ្សេរីយ៉ាកាលពី​ថ្ងៃទី​២៤ មីនា ២០១៦។

ក្រុម​ឧទ្ទាម ​Boko Haram​ បាន​បង្ខំ​ប្រជាជន​​ជាង​ ២​លាន​នាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន។ រដ្ឋាភិបាល​និយាយ​ថា​ ខ្លួន​កំពុង​មាន​ភាព​ជឿន​លឿន​ក្នុង​ការ​​ប្រឆាំង​នឹង​ក្រុម​នេះ​ ប៉ុន្តែ​សន្តិសុខ​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ​ ហើយ​ប្រជាជន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​មាន​ការ​ភ័យ​ខ្លាច​ថា​ ពួក​គេ​នឹង​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។​

លោក​ John Ali បាន​រត់​ចេញ​ពី​ភូមិ​របស់​គាត់​ក្បែរ​ទីក្រុង​ Gwoza ​ភាគឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា ​នៅ​ពេល​ក្រុម​ឧទ្ទាម​ ​Boko Haram ​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ភូមិ​នោះ។​ លោក Ali គិត​ថា​ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្ទះ​យូរ​នោះ​ទេ ប៉ុន្តែ​គាត់​មិន​បាន​ត្រឡប់​ទៅ​វិញ​ជិត​២​ឆ្នាំ​ហើយ។​ ផ្ទះ​របស់​គាត់​នៅ​ពេល​នេះ​គឺ​ជា​ខ្ទម​ប្រក់​ដោយ​ស័ង្កសី​ដ៏​ក្តៅ​ក្នុង​ជំរំ​ពោរពេញ​ទៅ​ដោយ​ជន​ភៀសខ្លួន​ ក្នុង​ក្រុង ​Maiduguri នៃ​រដ្ឋ Borno។​

លោក ​Ali ​គ្មាន​ប្រាក់​ទេ​ ​គាត់មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​បាន ​ហើយ​គាត់​ពឹងផ្អែក​លើ​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ​សម្រាប់​អាហារ​២ពេល​ដែល​គាត់​ និង​គ្រួសារ​ទទួល​បាន​រាល់​ថ្ងៃ។​

«រហូត​មក​ដល់ថ្ងៃ​នេះ ក្រុម​ Boko Haram ​នៅ​តែ​មាន​នៅ​ទីនោះ។​ ពួក​គេ​មាន​ស្ថេរភាព។​ ពួកគេ​ថែម​ទាំង​បោះ​ជំរំ​ក្នុង​ភូមិ​របស់​យើង​ទៀត​ផង។ ដូច្នេះ​យើង​គ្មាន​ផ្លូវ​ដែល​អាច​ត្រឡប់​ទៅវិញ​បាន​ទេ ប៉ុន្តែ​ពួកយើង​ពិត​ជា​ចង់​ត្រឡប់​ទៅ​វិញ​ណាស់»។

លោក​ Ali គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​នីហ្សេរីយ៉ា​ជាង​ ២.១​លាន​នាក់​ ដែល​បាន​រត់​គេច​ពី​ការ​វាយប្រយុទ្ធ​គ្នា​រវាង​ក្រុម​ Boko Haram ​និង​ក្រុម​យោធា​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា។​ ការប្រយុទ្ធ​គ្នា​នោះ​បាន​បន្សល់​នៅ​ការ​ខូចខាត​ភូមិ​ និង​ទីក្រុង និងធ្វើ​ឲ្យ​ផ្លូវ​សំខាន់ៗ​ជាច្រើន​មិន​អាច​ធ្វើ​ដំណើរ​បាន។

របាយការណ៏​របស់​រដ្ឋាភិបាល​ រដ្ឋ Borno ដែល​ VOA ​ទទួល​បាន​បង្ហាញ​ថា ​ក្រុម​ឧទ្ទាម​បាន​បំផ្លាញ​លំនៅឋាន​ជិត​១លាន​ខ្នង និង​ថ្នាក់​រៀន​ប្រហែល​៥.០០០​បន្ទប់។​

ប្រជាជន​ភៀស​ខ្លួន​មួយ​ចំនួន​ធំ​មិន​បាន​រស់​នៅ​ក្នុង​ជំរំ​ទេ ប៉ុន្តែ​បាន​ទៅ​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ទីក្រុង​ផ្សេងៗ​ទូទាំង​ប្រទេស​នីហ្សេរីយ៉ា។​ តែ​ទោះ​ជា​យ៉ាង​ណា មន្រ្តី​មួយ​រូប​នៃ​រដ្ឋ​ Borno ​បាន​ប្រាប់​ VOA ថា ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ជំរំ​ប្រជាជន​ភៀស​ខ្លួន​ទាំង​នោះ​ក្លាយ​ជា​ជំរំ​អចិន្រ្តៃយ៍​សម្រាប់​ពួក​គេ​ទេ។ ក្រុង ​Maiduguri ​បាន​ក្លាយ​ជា​ជម្រក​សម្រាប់​ប្រជាជន​ប្រហែល​៨០០.០០០ (៨០ម៉ឺន)​នាក់​ដែល​បាន​រត់​គេច​ពីក្រុម ​Boko Haram​ នេះ​បើ​យោង​តាម​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ។

ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​ការ​សង្រ្គោះ​បន្ទាន់​ ​(NEMA)​ និយាយ​ថា​ ពួក​គេ​ចង់​បញ្ជូន​ប្រជាជន​ដែល​ភៀស​ខ្លួន​ទាំង​នេះ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​លុះ​ត្រាតែ​ទីក្រុង​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​នោះ​ អាច​ឲ្យ​ប្រជាជន​រស់​នៅ​បាន។​ អ្នក​នាំ​ពាក្យ​របស់​ទីភ្នាក់ងារ​ NEMA​ លោក​ Sani Datti ​និយាយ​ថា​ សុវត្ថិភាព​គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។

«ក្រុម​ឧទ្ទាម​ត្រូវ​បាន​កម្ចាត់​ចេញ​ស្ទើរ​តែ​គ្រប់​សហគមន៍​ ប៉ុន្តែ​នៅ​តែ​មាន​សេស​សល់​បន្តិចបន្តួច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ឥឡូវ​នេះ​ គឺ​ព្យាយាម​បោស​សម្អាត​សហគមន៍​ទាំង​អស់​ ដើម្បី​ឲ្យ​យើង​អាច​ប្រកាស​ប្រាប់​ប្រជាជន​ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព»។

ក្រុម​យោធានីហ្សេរីយ៉ា​និយាយ​ថា​ ពួកគេ​បាន​រឹត​បន្តឹង​សន្តិសុខ​ក្នុង​ទីក្រុង​ Maiduguri​ បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ផ្លូវ​សំខាន់ៗ​ដែល​ឆ្ពោះ​ទៅ​ទីក្រុង​នេះ​ និង​កំពុង​បណ្ដេញ​ក្រុម ​Boko Haram ​ចេញ​ពី​ភូមិ​ដាច់​ស្រយាល​ដែល​ពួក​យុទ្ធជន​របស់​ក្រុម​នេះ​កំពុង​លាក់​ខ្លួន។​ ក៏​ប៉ុន្តែ​ប្រជាជន​ដែល​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ទាំង​នេះ​និយាយ​ថា​ ពួកគេ​នៅ​មិនទាន់​មាន​អារម្មណ៏ថា​មាន​សុវត្ថិភាព​នៅ​ឡើយ។​

លោក​ Musa Ghuba គឺ​ជា​កសិករ​ម្នាក់ដែល​ពី​មុន​បាន​រស់​នៅ​ក្នុង​ភូមិ​មួយ​ក្បែរ​ក្រុង​ Gwoza​ ហើយ​បាន​រត់​គេច​ខ្លួន​ទៅ​ទីក្រុង​ Maiduguri។ លោកសង្ឃឹម​ថា​នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ​ប៉ុន្តែ​លោក​នឹង​មិន​ទៅ​វិញ​ទេ​ រហូត​ទាល់​តែ​តំបន់​ចាស់​របស់​លោក​មាន​សន្តិភាព​ដូច​ពី​មុន។

ដោយ​គ្មា​នការងារ​ធ្វើ​ និង​គ្មាន​វិធី​ដែល​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ ប្រជាជន​ភៀស​ខ្លួន​រាប់​លាន​នាក់​ដូចជា​ លោក Ghuba នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា៕

ប្រែសម្រួលដោយ ទុំ ម្លិះ