ជំនួប​កំពូល​គណបក្ស​ធំទាំងពីរ​មិនទាន់​កំណត់​ថ្ងៃ​នៅ​ឡើយ

លោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​សម រង្ស៉ី​បញ្ជាក់​ឲ្យដឹង​កាលពី​ថ្ងៃច័ន្ទ​ថា​ មិនមាន​ការ​កំណត់​ពេល​វេលា​ជួបគ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដើម្បី​ដោះ​ស្រាយ​ពីបញ្ហា​ជាប់គាំង​នយោបាយ​នោះ​នៅ​ឡើយ​ទេ។​

ការ​បដិសេធ​នេះ​កើត​ឡើង​ក្រោយ​ពេល​លោក​ខៀវ កាញ៉ារិទ្ធ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​អះអាង​ពីការ​យល់​ព្រម​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ចង់ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​ពីបញ្ហា​បោះឆ្នោត​នៅថ្ងៃ​ទី២​ខែ​មករា​ខាង​មុខ។​

លោក​សម រង្ស៉ី ​បានថ្លែង​ថា៖​ «ខ្ញុំអត់​ដឹង​អីទាំង​អស់។​ ដូច្នេះ​អ្នកណា​គេ​និយាយ​អី​ស្រេច​តែ​គេ​ទៅ។​ ខ្ញុំអត់​មាន​ទៅ​បញ្ជាក់​ ទៅ​បដិសេធ​ និង​អត់មាន​ពេល​ទៅ​ឆ្លើយ​តប​រឿង​អញ្ចឹងៗ​ទេ»។​

តែ​លោក​សម រង្ស៉ី​បាន​អះអាង​ថា ​លោក​ក៏​មិនបិទ​ទ្វារ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ រឿង​បញ្ហា​ជាប់​គាំង​នយោបាយ​ និង​បញ្ហា​ជាតិ​សំខាន់ៗ​ដទៃ​ទៀត​ដែរ ​ដូចជា​ការ ដំឡើងប្រាក់ខែ​កម្មករ​ បញ្ហា​ព្រំដែន​ និង​បញ្ហា​ត្រូវ​រៀបចំ​ស្ថាប័ន​រដ្ឋ​ឡើង​វិញ​តាម រយៈ​ការ​បោះឆ្នោត​ជាថ្មី។​

លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏បាន​អះអាង​បន្ថែម​ដែរ​ថា ​មិន​មាន​ការ​ដាក់​កាល​បរិច្ឆទដើម្បី​ជួប​គ្នា​នៅថ្ងៃ​ទី២​ខែ​មករា​នោះ​ដែរ។​

តែ​លោកខៀវ កាញ៉ារិទ្ធ​ ដែលជារដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​បាន​អះអាង​នៅថ្ងៃ​ច័ន្ទ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យល់​ព្រម​ថា ​នឹង​ជួប​ជាមួយ​លោកសម រង្ស៉ី​នៅ​ដើម​ខែ​មករា។

«នៅ​ថ្ងៃ​នេះ​(ច័ន្ទ)​សម្តេច​នាយក​រដ្ឋមន្ត្រី​យល់ព្រម​ថា​ ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ហើយ ​ នៅថ្ងៃ​ទី២​ខែ​មករា។​ តែ​លោក​សម រង្ស៉ី​លើក​ឡើង​ថា​ ឲ្យមាន​ការនិយាយ​ពី​បញ្ហា​ប្រាក់​បៀវត្សរ៍​នេះ​គឺ​សម្តេច​ហ៊ុន សែន​គាត់​បាន​និយាយ​ហើយ​ថា ​ការ​និយាយ​គ្នា​ គឺ​បញ្ហា​តែ​មួយ​ទេ​គឺ​បញ្ហា​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ការ​បោះ​ឆ្នោត»។​

កម្មករ​រោងចក្រ​និង​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៉ី ​និង​លោក​កឹម សុខា​កើនដល់​ជា​ច្រើន​សែន​នាក់​ដើម្បី​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​ចុង​សប្តាហ៍​មុន។​ ពួកគេ​ទាមទារ​ដោយ​អហិង្សា​សុំឲ្យ​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ​ដំឡើងប្រាក់​ខែ​១៦០​ដុល្លារ​ចំពោះ​កម្មករ​រោងចក្រ​ផង​ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះចេញ​ពីមុខ​តំណែង​និង​បោះ​ឆ្នោត​ឡើង​វិញ​ផង​ដែរ។​

គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត​ និង​មិន ទទួល​ស្គាល់​សភា​ និង​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣​ទេ។​ ការ​បដិសេធ​នេះ​ដោយ​ផ្អែក​ទៅលើភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ជំទាស់​អះអាង​ថា ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែ ប្រួល​លទ្ធផល​ឆ្នោត។​

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​៦៨​ក្នុង​សភា​ដែល​មាន​អាសនៈ​សរុប​១២៣​ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​៥៥​អាសនៈ។​ សមាជិក​សភា​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិនចូល​ប្រជុំ​សភា​ទេ ​រហូត​មកទល់​នឹង​ពេល​នេះ។​

គណបក្ស​ជំទាស់​ដែល​ប្រកាស​ពីការ​មិន​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​ការ​ចរចា​ដោះស្រាយ​ភាព​ជាប់គាំង​នយោបាយ​នោះ​ បាន​ដាក់​លក្ខខណ្ឌ​ថា ​បើគ្មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​តាម​រយៈការ​ស៊ើប​អង្កេត​មួយ​ដោយ​ឯករាជ្យ​នោះ​ទេ​ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ព្រមព្រៀង​ធ្វើការ​បោះឆ្នោត​ឡើង​វិញ​តាម​រយៈ​ការ​រៀបចំ​ស្ថាប័ន​ និង​ប្រព័ន្ធ​បោះឆ្នោត​ដែល​ឯករាជ្យ​ អាច​ទទួល​យក​បាន​ព្រម​គ្នា៕