គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចូលរួមក្នុងដំណើរការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា បានអះអាងថា ខ្លួនបានដឹងជាមុនថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ «មិនគោរពតាមនិយាម សេរី និងយុត្តិធម៌ ទាំងស្រុងទេ» ប៉ុន្តែ គណបក្សនេះ មិនបានបង្ហាញជំហរច្បាស់លាស់ទេអំពីការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សនេះ ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា «យើងពុំអាចធ្វើការសន្និដ្ឋានបានលើស្ថិតិនៃអ្នកបោះឆ្នោត ដែលមានចំនួន៨២.៨៩% និងលទ្ធផលនៃការបោះឆ្នោតនេះថាត្រឹមត្រូវទាំងស្រុងឬយ៉ាងណាទេ»។
ប្រតិកម្មរបស់គណបក្សនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសដែលធ្វើឱ្យគណបក្សកាន់អំណាចឈ្នះភ្លូកទឹកភ្លូកដី។
ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សនេះ ក៏កើតឡើងក្រោយពីសហគមន៍អន្តរជាតិរួមមានសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ព្រមទាំងសហភាពអឺរ៉ុបផង បានចេញសេចក្ដីថ្លែងការណ៍របស់ពួកគេរៀងៗខ្លួនដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ ដោយបានហៅការបោះឆ្នោតនេះថា «ខ្វះភាពគួរឱ្យជឿជាក់បាន»។
លទ្ធផលបឋមបង្ហាញថា ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៨លាន៣សែននាក់ មានជិត៧លាននាក់ឬស្មើនឹង៨២.៨៩% បានបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងជាង៤លាន៨សែនឬជិត៧៧% ខណៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានតែជាង៧ម៉ឺនសំឡេងឬជាង១%តែប៉ុណ្ណោះ។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលអ្នកវិភាគខ្លះចាត់ទុកថា ជាគណបក្សតែមួយគត់ដែលមិនស្ថិតក្រោមឥទ្ធិពលឬរងសម្ពាធណាមួយពីគណបក្សកាន់អំណាចនោះ បានដាក់ភ្នាក់ងារគណបក្សរបស់ខ្លួនចំនួន៣៧៥នាក់ ដើម្បីសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យដដែលនេះបានលើកឡើងថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចដាក់ភ្នាក់ងារសង្កេតការណ៍គ្រប់គ្រាន់ ហើយពុំមានអ្នកសង្កេតការណ៍ពីអង្គការសង្គមស៊ីវិលដែលអាចជឿជាក់បាន។»
ប៉ុន្តែ គ.ជ.ប កាលពីថ្ងៃច័ន្ទ បានប្រកាសថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិតំណាងប្រទេសចំនួន៦រួមមាន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌានិងរុស្សី បានវាយតម្លៃថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
ក្នុងចំណោមគណបក្សនយោបាយទាំង២០ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ មានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់ភ្នាក់ងាររបស់ខ្លួននៅគ្រប់ទាំង២២៩៦៧ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដើម្បីសង្កេតការណ៍បោះឆ្នោតនេះ។
ការបោះឆ្នោតដែលអវត្តមានគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់ជាមួយគណបក្សកាន់អំណាចនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ដោយសារតែការធ្វើទុក្ខបុកម្នេញនិងព្រឹត្តិការណ៍មួយចំនួនមុនការបោះឆ្នោត ដូចជាការរំលាយគណបក្សប្រឆាំងនិងការចាប់មេដឹកនាំរបស់គណបក្សនេះដាក់ពន្ធនាគារ ការរឹតត្បិតសេរីភាពសារព័ត៌មាននិងការគំរាមកំហែងអង្គការសង្គមស៊ីវិល ការបំភិតបំភ័យអ្នកបោះឆ្នោត ហើយនិងការប្រើប្រាស់រូបភាពផ្សេងៗនៃ«ការទិញសន្លឹកឆ្នោត»ជាដើម ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ទោះបីជាខ្លួន បានដឹងជាមុនអំពីហេតុការណ៍ទាំងនេះក៏ដោយ ក៏ខ្លួននៅតែសម្រេចចិត្តចូលរួមការបោះឆ្នោតនេះ ដើម្បី«បណ្ដុះនិងសាបព្រោះវប្បធម៌នយោបាយថ្មី និងផ្ដល់ឱកាសថ្មី ជូនដល់ពលរដ្ឋខ្មែរ»។
ប៉ុន្តែ រហូតមកដល់ពេលនេះ គណបក្សនយោបាយដែលទើបនឹងចូលរួមក្នុងសង្វៀននយោបាយមួយនេះ ជៀសវាងមិនបញ្ជាក់ឱ្យបានច្បាស់ថាតើខ្លួនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតនេះឬអត់នោះទេ៕