ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​តូចៗ​​មួយ​ចំនួន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ខណៈអន្តរជាតិ​បន្ត​ថ្កោលទោស​និង​រិះគន់


គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​​ (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​,​​ នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)

មិនមាន​ការ​ជំទាស់​ពី​គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​ចំពោះ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃទី​២៩ ខែ​កក្កដា​នោះ​ទេ។​ យ៉ាងណា​ក៏​ដោយ​ក្រុមម​ន្ត្រី​ ​និង​មេដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​នោះ​បាន​ផ្តល់​ការ​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ប្រតិកម្ម​ពី​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ ដែល​បាន​ថ្កោល​ទោស​ ​និង​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​បោះឆ្នោត​ដែល​មាន​តែ​អ្នក​ប្រកួត​តែ​ម្ខាង​ ពោល​គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រុម​មេ​ដឹក​នាំ​និង​មន្ត្រី​គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន បាន​ទទួល​ស្គាល់​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គណ​បក្ស​គ្រប់គ្រង​ប្រទេស​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ក្នុង​ការ​បោះឆ្នោត​ កាល​ពីថ្ងៃ​អាទិត្យទី​២៩ ខែ​កក្កដា​កន្លង​ទៅ។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​និយម​លទិ្ធ​ប្រជាធិប​តេយ្យ។ ពួក​គេ​បាន​ចេញ​សារ​នយោបាយ​ព្រមៗ​គ្នា​ថ្កោលទោស​និង​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​បំភិតបំភ័យ​ ​ក្រោយ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សង្គម​ស៊ីវិល ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​ដាក់​ក្នុង​ពន្ធនាគារ​ និង​ការ​ហាម​ឃាត់​ក្រុម​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨នាក់​ពី​ការ​ធ្វើនយោបាយ។

លោក ម៉ម សូណង់​ដូ ប្រធានគ​ណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ មាន​ប្រសាសន៍​ថា ​លោក​មិន​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​បឋម​ទេ​ តែ​លោក​មិន​ពេញចិត្ត​នឹង​យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ និង​ប្រជា​ពលរដ្ឋ​នៅ​ក្រៅប្រទេស ដែល​បាន​ធ្វើ​ចលនា​រារាំង​ការ​បោះឆ្នោត។

«ទីមួយ​ យើង​អំពាវនាវ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត។ ទីពីរ​យើង​ប្រកាស​ មិន​ឲ្យ​អន្តរជាតិ​ បញ្ជូន​អ្នក​សង្កេតការណ៍​ ហើយ​បើសិន​ជា​អត់​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ ហើយ​អត់​មាន​អ្នក​សង្កេត​ការណ៍។ អាហ្នឹង​គេ​ មាន​សិទ្ធិ​ធ្វើ​អីស្រេច​ចិត្ត​ហើយ។ ហើយ​យើង​ទៅ​បន្ទោស​គេ​ម៉េច​កើត​ បើ​គេ​អញ្ជើញ​យើង​ទៅ​ចូលរួម។ យើង​មិន​ព្រម​អញ្ជើញ​ [ទៅ]។ អាហ្នឹង​ធ្វើនយោបាយ​មួយ​ខុស​ធំ​ណាស់​ សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ សម្លាប់​សេចក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ស្រុង​តែ​ម្តង។ ខ្ញុំ​សុំ​និយាយ​អីចឹង»។

មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ​ពោល​គឺ​ក្រោយ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ដ៏​ចម្រូង​ចម្រាស សេតវិមាន​អាមេរិក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍មួយ​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​កម្ពុជា​ ​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​សំខាន់​ជាង​គេ​និង​ព្រមាន​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នៃ​អ្នក​នាំពាក្យ​សេតវិមាននេះ​បាន​បញ្ជាក់​ថា៖

«សហរដ្ឋ​អាមេរិក​សោកស្តាយ​ចំពោះ​ការណ៍​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មិន​មាន​ភាព​សេរី ឬ​យុត្តិធម៌ ហើយ​ខកខាន​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា»។

​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ព្រមាន​បន្ត​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​តប​នឹង​ការ​បោះឆ្នោត​ជាតិ​នេះ​ការ​ដើរថយ​ក្រោយ​ខាង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្សកម្ពុជា ដោយ​បញ្ជាក់​ថា​ វិធានការ​ថ្មីៗ​ទៀត​នឹង​រួម​មាន​ការ​ពង្រីក​កម្មវិធី​រឹតត្បិត​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ប្រកាស​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧។

លោក​ ​ម៉ម សូណង់ដូ​ ​ច្រាន​ចោល​រាល់​ការ​រិះគន់​ពី​ប្រទេស​ទាំង​ឡាយ​ណា ដែល​មិន​ចូលរួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​ កាលពី​ថ្ងៃ​អាទិត្យ​មិ្សលមិញ​នេះ។

«ការ​ទិតៀន​របស់​ប្រទេស​ណាមួយ​ ដែល​គេ​ថា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​មនុស្ស​ហ្នឹង​ ចូល​មក​ធ្វើ​សង្កេត​ការណ៍ ចូលរួម​ក្នុង​ ទាក់​ទង​ទៅ​ការ​បោះឆ្នោត​ ហើយ​ប្រទេស​ណា​ដែល​មិន​ចូលរួម​ ប្រទេស​ទាំងអស់​ហ្នឹង​គ្មាន​សិទ្ធិ​ទិតៀន​ គេ​ទេ។ ហើយ​កុំ​ឲ្យ​ទិតៀន​ថា​ យើង​មិន​ចូលរួម​ ហើយ​យើង​ចេះ​តែ​ទិតៀន​គេ​ គឺ​អ្នក​ដែល​ទិតៀន​ហ្នឹង​ហើយ​ ដែល​ជា​មនុស្ស​ខូច»។

លោក​ ​សាម អ៊ីន​ ​អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​បោះឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ​ ដែល​បាន​រង​ការ​គំរាម​កំហែង​ និង​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​មក​ដើម្បី​កេង​ចំណេញ​នយោបាយ។

​លោក​ប្រាប់ VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​

«វា​មាន​ហេតុផល​ធំ​ពីរ​តាម​ការ​ខ្ញុំ​មើល​ឃើញ​ គឺ​ទី​មួយ​ គឺ​អា​នយោបាយ​ សំឡុត​ គំរាម​ ហើយ​ទិញ​សន្លឹក​ឆ្នោត​ហ្នឹង វា​នៅ​មាន​ឥទ្ធិពល​ខ្លាំង​មហិមា​នៅ​ស្រុក​ខ្មែរ។ ហើយ​ចំណុច​ទីពីរ​ហ្នឹង​ គឺ​អា​យុទ្ធនាការ​ដេកផ្ទះ​ ឈ្នះស្អាត​ យុទ្ធនាការ​លាប​ពណ៌​ ហើយ​និង​បន្ទុក​បង្អាក់​អ្នកដទៃ​ហ្នឹង​ ក៏​វា​បាន​ទទួល​ជោគ​ជ័យដែរ។ អីចឹង​អា​ហេតុផល​ពីរ​ហ្នឹង​ហើយ វា​រុញ​ឲ្យ​ចេញ​ទៅ​ជា​លទ្ធផល​បែប​ហ្នឹង»។

លោក​ សាម អ៊ីន​ មិន​ធ្វើ​ការ​អធិប្បាយ​លើ​ការ​រិះគន់​ ឬ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ការបោះឆ្នោត​នេះ​ទេ តែ​លោក​ថា​ កម្ពុជា​នឹង​មិន​អាច​កែ​ទម្រង់​អភិបាល​កិច្ច​ល្អ​បាន​នោះ​ឡើយ ដោយ​សារ​តែ​មិន​មាន​គណបក្ស​ប្រឆាំង​ខ្លាំង​មួយ​ នៅក្នុង​សភា។

«បាន​ន័យ​ថា​ នៅ​ក្នុង​រដ្ឋសភា​ជាតិ​ហ្នឹង​ វា​ពុំ​មាន​កម្លាំង​ ប្រឆាំង​គ្រប់​គ្រាន់​ដើម្បី​រុញ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​ និង​ការ​កែទម្រង់​ហ្នឹង​ណ៎ា! ដូចជា​រឿង​អំពើ​ពុករលួយ​ រឿង​គ្រួសារ​និយម​ រឿង​បក្ស​ពួក​និយម​នេះ នឹង​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ​ វា​មាន​តែ​ភាព​អាក្រក់​ជាងមុន​បាទ»។

លោក​ ពេជ្រ ស្រស់ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ មិន​បាន​កត់​សម្គាល់​ពី​ភាព​មិន​ប្រក្រតី​ណា​មួយ​នោះ​ឡើយ។ ប្រធាន​គណបក្ស​រូប​នេះ​ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «គណបក្ស​យុវជន​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា​ គឺ​មាន​ភាព​ល្អ​ប្រសើរ​ និង​គ្មាន​រូបភាព​គំរាម​កំហែង​កើត​ឡើង​នោះទេ​ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ទៅ​បោះឆ្នោត​នៅ​អាណត្តិ​ទី៦​នេះ​ យ៉ាង​ច្រើន​កុះករ​ផងដែរ»។

អ្នក​បោះ​ឆ្នោត​ត្រូវ​បាន​នាំ​ឱ្យ​ជ្រ​លក់​ម្រាម​ដៃ​ចង្អុរ​ក្រោយ​ពី​បាន​បោះ​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
អ្នក​បោះ​ឆ្នោត​ត្រូវ​បាន​នាំ​ឱ្យ​ជ្រ​លក់​ម្រាម​ដៃ​ចង្អុរ​ក្រោយ​ពី​បាន​បោះ​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

ផ្ទុយ​ពីការថ្លែង​របស់​លោក​ពេជ្រ ស្រស់​ ប្រទេស​ប្រជាធិបតេយ្យ​ពីរ​ផ្សេង​ទៀត​ គឺ​កាណាដា​ និង​អូស្រា្តលី​ បាន​រិះគន់​និង​បង្ហាញការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ។

រដ្ឋាភិបាល​ប្រទេស​កាណាដា​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ ផ្សាយ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​រៀបចំ​បោះឆ្នោត​ជាតិ​កម្ពុជា​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កំពុង​ស្ថិត​ក្នុង​អំណាច​ និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​រក្សា​បាន​អំណាច​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស។

សេចក្តី​ប្រកាស​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ថា​ បាន​បាត់បង់​ភាព​ត្រឹមត្រូវ ដោយសារ​ការ​គំរាម​កំហែង​អ្នក​បោះឆ្នោត​ និង​ការ​បំភ្លៃ​ដំណើរការ​បោះឆ្នោត។ ការ​ប្រើ​ប្រាស់​តុលាការ​ដើម្បី​បៀតបៀន​ គំរាម​កំហែង​ និង​លុប​បំបាត់​គណបក្ស​ប្រឆាំង​ ក្នុង​នោះ​មាន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ លោក​ ​កឹម សុខា​ ដែល​ឥឡូវ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ក្នុង​ពន្ធនាគារ​ ហើយ​និង​ការ​គៀប​សង្កត់​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មិន​បានប​ង្ហាញ​ថា​ ការ​បោះឆ្នោត​នោះ​ សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ទេ»។

រដ្ឋាភិបាល​ប្រទេស​កាណាដា​បាន​និយាយ​បន្ថែម​ថា៖

«ប្រទេស​កាណាដា​គឺ​ជា​មិត្ត​យូរ​អង្វែង​របស់​ប្រជា​ជន​កម្ពុជា​ ហើយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សិទ្ធិ​របស់​ពួកគេ​ ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ពួក​គេ​ដោយ​សេរី។​ យើង​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​មូលដ្ឋាន​សម្រាប់​ប្រជាជន​កម្ពុជា​ ធ្វើ​ឲ្យ​មាន​ឡើងវិញ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ការ​ចូលរួម​ខាង​នយោបាយ​ និង​ការ​ដោះលែង​លោក កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ជិត​១១ខែ​ ដោយ​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ»។

​រដ្ឋាភិបាល​កាណាដា​បាន​បញ្ជាក់​ទៀត​ថា​ ប្រជាធិបតេយ្យ​ដែល​មាន​ភាព​រឹងប៉ឹង​ គឺ​ត្រូវ​ឲ្យ​មាន​ការ​ការពារ​លំហ​សម្រាប់​សង្គម​ស៊ីវិល​ និង​ធានា​បាន​ថា​ ពលរដ្ឋ​ទាំង​អស់​អាច​ចូលរួម​ដោយ​សន្តិវិធី​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ ចំណែក​រដ្ឋមន្ត្រីការ​បរទេស​ប្រទេស​អូស្ត្រាលី​អ្នកស្រី​ Julie Bishop ​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​នៅថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ២០១៨​ នេះ ដោយ​បាន​ពណ៌នា​ថា​ ប្រទេស​អូស្រា្តលី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​បំផុត​ ជាមួយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ និង​បាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជ្រាប​ពី​ក្តី​បារម្ភ​នេះ។

ទាក់ទិន​នឹង​ជំហរ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​បោះឆ្នោត​កម្ពុជា​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​លោក​ George Edgar ​មិន​ទាន់​អាច​ផ្តល់​ការ​អធិប្បាយ​ណាមួយ​នោះ​ឡើយ​ ដោយ​ត្រូវ​រង់​ចាំ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​ពី​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​តាម​សារ​អេឡិចត្រូនិក ​ឬ email។​

លោក​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​ផងដែរ​ ចំពោះការ​ពិចារណា​លើ​គម្រោង​ពាណិជ្ជកម្ម «អ្វីៗទាំង​អស់​វៀ​រលែង​តែ​អាវុធ» ដែល​ជា​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG