ពុំ​មាន​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​នៅ​ក្នុង​ប្រទេស​ថៃ​ទេ

លោក​ Pravit Rojanaphruk អ្នកនិពន្ធ​ជើង​ចាស់​របស់​ ក្នុង​ការ​សម្ភាស​ជាមួយ​ VOA ក្នុង​ទី​ក្រុង​បាំងកកកាលពី​ថ្ងៃទី​២៨ មេសា២០១៦ (Z. Aung/VOA)

អ្នក​កាសែត​ថៃឈ្មោះ Pravit Rojanaphruk ត្រូវ​ស្ថិត​នៅ​ក្នុង​ទីក្រុង Helsinki ​នៅ​ពេល​នេះ តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ប្រទេស​ហ្វាំងឡង់​ដើម្បី​ចូលរួម​ក្នុង​ការ​អបអរសារទរ​ទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​យោធា​ថៃ​ដែល​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារគ្មាន​ការ​បង្ហូរ​ឈាម​មួយ​កាល​ពី​២​ឆ្នាំ​មុន​នោះបាន​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មានជើង​ចាស់រូប​នេះ ចាក​ចេញ​ពី​ប្រទេស​ថៃ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ឧសភា​ ដែល​រៀប​ចំរួម​ជាមួយ​អង្គការ UNESCO​ នោះ​ទេ។

លោក Pravit ថ្លែងថា​ការ​ហាម​ឃាត់​លោក​នេះ ជា​រឿង​គួរឲ្យអស់​សំណើច​ណាស់។ លោក​ជា​អ្នក​និពន្ធ​ជាន់​ខ្ពស់ នៃ​គេហទំព័រ​ព័ត៌មាន​ជាភា​សា​អង់គ្លេស Khaosod ។

ក្រុម​មន្ត្រីរដ្ឋាភិបាល​យោធា​ថៃ​និយាយ​ថា​លោក Pravit ​មិន​បាន​រៀន​មេរៀន​របស់​លោក បន្ទាប់​ពីបាន​ជាប់​ឃុំ​អស់​២​លើក​ដោយសារ​មូលហេតុដែល​ពួកគេ​ហៅ​ថា​ «ការកែ​សម្រួល​អាកប្បកិរិយា»​នោះ។

លោក Pravit ​បាន​ថ្លែង​ថាលោកត្រូវ​បាន​គេ​ប្រាប់​ថា​ទស្សនកិច្ច​របស់​លោក​ត្រូវ​បាន​រាំង​ឃាត់​ពី​ព្រោះ​លោក​នៅ​តែ​បង្ហោះ​អ្វី​ដែល​រដ្ឋាភិបាល​យោធា​ថៃ​ចាត់​ទុក​ថា​ជា​ការ​វាយប្រហារលើ​កិច្ចការ​របស់​ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព​ (National Council for Peace Order) ដែល​ជា​ឈ្មោះ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​យោ​ធាថៃ ។

លោកឧតម្ត​សេនីយ Piyapong Klinpan ​ប្រធាន​នៃ​មជ្ឈមណ្ឌល​ទំនាក់​ទំនង​សារធារណៈ (NCPO) បាន​បញ្ជាក់​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក Pravit ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់ប៉ុន្តែ​លោក​និយាយ​ថា​ «ខ្ញុំគ្មាន​អំណាច​ដើម្បី​បក​ស្រាយ​ប្រាប់​អ្នក​ដោយសារមូលហេតុ​អ្វីទេ»។

លោក Pravit ​បាន​ពន្យល់​ប្រាប់​ VOA ថា​ដោយសារ​លោក​ត្រូវ​រដ្ឋាភិបាល​យោធា​ចាប់​ខ្លួនកាល​ពីជិត​២​ឆ្នាំ​មុន​លោកត្រូវ​គេ​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​ «អនុស្សរណៈ​នៃ​ការ​យល់​ស្រប» ដែល​ចែង​ថា​បើ​សិន​ជា​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ក្រៅ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ពួក​គេជាមុន​សិន។

ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​លោក​ស្រី Kristi Westphalen ឯក​អគ្គរដ្ឋទូត​ប្រទេសហ្វាំងឡង់ប្រចាំ​ប្រទេស​ថៃ ​បាន​ថ្លែង​ថា ជា​ការ​សោក​ស្តាយ​ណាស់​ចំពោះ​លោក Pravit ​ដែល​បាន​ធ្វើ​ការ​ឲ្យ​កាសែត The Nation អស់​ពេល​២៣​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​បាំង​កក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ពិធី​ដែល​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​រដ្ឋធានី​របស់​ប្រទេស​លោកស្រី៕