ប៉ូលិសក្នុងទីក្រុងឡុងដ៍ពុំបានរកឃើញមនុស្សស្លាប់និងរបួសកាលពីថ្ងៃសុក្រទេ បន្ទាប់ពីមានរបាយការណ៍ស៊ើបអង្កេតមួយស្តីអំពីការបាញ់កាំភ្លើងជាច្រើនគ្រាប់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីដ៏មមារញឹកមួយ។
ក្រុមប៉ូលិសបានប្រតិកម្មដំបូងៗដោយមិនដឹងច្បាស់ថា ហេតុការណ៍នោះមានជាប់ទាក់ទិននឹងភេរវកម្មឬយ៉ាងណាទេ តែក្រោយមកបាននិយាយថា ប៉ូលិសមិនបានរកឃើញដាននៃជនសង្ស័យ ភ័ស្តុតាងនៃការបាញ់កាំភ្លើងឬក៏គ្រោះថ្នាក់ស្លាប់និងរបួសក៏ទេដែរ។
ក្រុមអាជ្ញាធរប្រដាប់ដោយអាវុធនិងអាជ្ញាធរគ្មានអាវុធបានទៅដល់កន្លែងកើតហេតុ ហើយបានធ្វើកិច្ចការរបស់ពួកគេ សហការជាមួយនឹងប៉ូលិសផ្នែកការដឹកជញ្ជូនអង់គ្លេស ដោយបាននិយាយថាមានស្ត្រីម្នាក់រងរបួសស្រាលនៅពេលចាកចេញពីកន្លែងកើតហេតុនោះ។
ខ្សែអាត់វីដេអូដែលគេបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធសង្គមបានបង្ហាញថាមនុស្សម្នាបានចាកចេញពីតំបន់អាគារលក់ទំនិញនានា ស្ថិតនៅជិតៗកន្លែងកើតហេតុ គឺស្ថានីយ៍រថភ្លើង Oxford Circus tube station យ៉ាងប្រញ៉ាប់។
ក្រុមអាជ្ញាធរប៉ូលិសកំពុងធ្វើកិច្ចការស៊ើបអង្កេតហេតុការណ៍នេះ ហើយក៏កំពុងធ្វើការពិចារណារដើម្បីបើកស្ថានីយ៍រថភ្លើងក្រោមដីនេះឲ្យដំណើរការឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕