កម្ពុជា​កំពុង​រៀបចំ​ចាប់​ខ្លួន​មហាសេដ្ឋី​រុស្ស៊ី​ដែល​សំបូរ​រឿងរ៉ាវ

Vashington

រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​និង​ធ្វើ​បត្យាប័ន​លោកសឺហ្គេ ប៉ូឡូញស្គី ​(Sergei Polonksy) មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ឱ្យ​ត្រឡប់​ទៅ​ទទួល​ទោស​នៅ​ប្រទេស​រុស្ស៊ី​វិញ បន្ទាប់​ពី​លោក​ត្រូវ​បាន​តុលាការ​រុស្ស៊ី​កាត់​ទោស​ឱ្យ​ជាប់​ចោទ​ពី​បទ​ឆ​បោក​រួច​មក។ មហា​សេដ្ឋី​រូប​នេះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ដែរ​កាល​ពី​ដើម​ឆ្នាំ​នេះ​ពី​បទ​ប្រើ​អំពើ​ហិង្សា។ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជានៅ​មិន​ទាន់​ចាប់​ខ្លួន​លោក សឺហ្គេ ប៉ូឡូញស្គី ​បាន​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

លោក គៀត ច័ន្ទ​ថារិទ្ធ ​អ្នកនាំ​ពាក្យ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​ថ្លែង​ថា​ប៉ូលិស​អន្តរជាតិ​កម្ពុជា​កំពុង​រង់​ចាំ​ដីកា​ពី​ព្រះ​រាជអាជ្ញា​នៅ​ក្រសួង​យុត្តិធម៌ ​មុន​នឹង​តាម​ចាប់​លោក ប៉ូឡូញស្គី ​និង​ធ្វើ​បត្យាប័ន​រូប​លោក​ទៅ​ទទួល​ទោស​នៅ​ប្រទេស​កំណើត​វិញ។

«ឯកសារ​ដែល​ឱ្យ​យើង​ជួយ​ចាប់​និង​ធ្វើ​បត្យាប័ន​លោក​ប៉ូឡូញស្គី​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​វិញ​គឺ​ថា ឯកសារ​ហ្នឹង​រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្វើ​មក​ក្រសួង​ការ​បរទេស ​ហើយ​ឥឡូវ​ហ្នឹង​ក្រសួង​ការ​បរទេស​បាន​បញ្ជូន​ឯកសារ​ហ្នឹង​ទៅ​ក្រសួង​យុត្តិធម៌។ អញ្ចឹង​ឯកសារ​ហ្នឹង​មិន​ទាន់​ដល់​ដៃ​យើង​ក្រសួង​មហាផ្ទៃ​ទេ យើង​រង់ចាំ​ក្រសួង​យុត្តិធម៌​និង​ព្រះ​រាជអាជ្ញា​ទទួល​ហើយ​ចេញ​ដីកា​បញ្ជូន​មក​យើង​ ទើប​យើង​អនុវត្ត​បាន»។

លោក សឺហ្គេ ប៉ូ​ឡូញ​ស្គី ​អាយុ៤១ឆ្នាំ ​ជា​មហា​សេដ្ឋីជនជាតិ​រុស្ស៊ី​ដែល​សំបូរ​រឿង​អាស្រូវ​ម្នាក់​ ហើយ​សព្វ​ថ្ងៃ​រូប​លោក​កំពុង​ស្នាក់​នៅ​កោះ​ដែកគោល​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​លោក​ជាម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​នៅ​ទី​នោះ។

លោក ប៉ូឡូញស្គី​ត្រូវ​បានកាត់​ទោសកំបាំង​មុខ​កាល​ពី​ខែ​សីហាដោយ​តុលាការ​ប្រទេស​រុស្ស៊ី​ពី​បទ​ឆ​បោក​អ្នក​វិនិយោគទុនជាង​៨០​នាក់នៅ​រុស្ស៊ីលើ​គម្រោង​អភិវឌ្ឍន៍​មួយនៅ​ទី​នោះ​ដែល​មាន​តម្លៃប្រមាណ​១៧៥​លាន​ដុល្លារ។​ តុលាការ​រុស្ស៊ី​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក​ភ្លាម​ៗ​ដែរ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ ​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ចី​ខ្មៅ​នៃ​ឧក្រិដ្ឋជន​កំពុង​តាម​ចាប់​របស់​ប៉ូលិស​អន្តរជាតិ​។ នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ​ប្រទេស​រុស្ស៊ី។​

លោក សុច សុផាន់ណារ៉ា ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​យុត្តិធម៌ ​និង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​ពីរ​ថ្ងៃ​មក​នេះ។

លោក​ប៉ូ​ឡូញ​ស្គី ​ក៏​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជារយៈពេល​បីខែ​ដែរ ​កាល​ពី​ដើម​ឆ្នាំ​២០១៣ ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ប្រើ​អំពើ​ហិង្សា ​ក្រោយ​ពីតុលាការ​កម្ពុជា​រកឃើញ​ថា​រូប​លោក ព្រមទាំង​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ទៀត​ បានចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់ខ្លួន​ចំនួន​៦​នាក់ ​នៅក្នុង​បន្ទប់​ទឹក​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជុង​ក​រួច​បង្ខំ​ឲ្យ​ពួកគេ​លោតទឹក​សមុទ្រ​នៅ​ចំណុច​កោះ​ដំឡូង ខេត្ត​ព្រះ​សីហនុ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​មេសា ​ក្រោម​លក្ខខណ្ឌ​ថា​លោក​ត្រូវ​រាយការណ៍​ជា​ប្រចាំ​ទៅ​អាជ្ញាធរ​ខេត្ត​នេះ។

លោក រស់ ស៊ីថា ​មេធាវី​របស់​លោក ប៉ូឡូញស្គី ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕