ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ដោះលែង​សេដ្ឋី​រុស្ស៊ី​ឱ្យ​នៅ​ក្រៅឃុំ

  • គង់ សុឋានរិទ្ធ

លោក​ឡុង សាលុច្ស​បញ្ជាក់​ថា​ការដោះលែង​ដោយ​សំអាង​ថា​ករណី​បទល្មើស​កូនក្តី​របស់​លោក​ជាករ​ណី​ម​ជ្ឈិ​ម​ហើយ​កូនក្តី​របស់​លោក​មានមុខ​របរ​ច្បាស់លាស់។
ភ្នំពេញ​៖ សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ដោះលែង​សេដ្ឋី​ជាតិ​រុស្ស៊ី​អ្នក​ដែលមាន​រឿង​ចម្រូង​ចម្រាស់​ក្នុងការ​បង្ខំ​កម្មករ​នាវា​ឲ្យ​លោតទឹក​សមុទ្រ​កាលពី​ខែធ្នូ​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោងតាម​មេធាវី​និង​អ្នកបកប្រែ​ភាសា។

លោក ប៉ូ​ឡុ​ន​ស្គី សេហ្គេ (Polonsky Sergei) ​អាយុ៤១ឆ្នាំ​ដែលជា​ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ពស់​និង​មាន​សណ្ឋាគារ​នៅ​កោះដែកគោល​ត្រូវ​ដោះលែង​កាលពី​វេលា​ម៉ោង១១និង៣០នាទី​តាម​សំណើ​របស់​មេធាវី​គឺ​លោក​ឡុង សាលុច្ស។

លោក​ឡុង សាលុច្ស​បញ្ជាក់​ថា​ការដោះលែង​ដោយ​សំអាង​ថា​ករណី​បទល្មើស​កូនក្តី​របស់​លោក​ជាករ​ណី​ម​ជ្ឈិ​ម​ហើយ​កូនក្តី​របស់​លោក​មានមុខ​របរ​ច្បាស់លាស់។

«គេ​សម្រេច​ឲ្យ​គាត់​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន។ វា​មាន​មូលហេតុ​ដែលថា​វា​ជា​បទល្មើស​ម​ជ្ឈិ​ម មិន​ធ្ងន់ធ្ងរ​ដូច​បទឧក្រិដ្ឋ។ ហើយ​គាត់​មានមុខ​របរ​ច្បាស់លាស់​របស់គាត់»។

លោក​ប៉ូ​ឡុ​ន​ស្គី សេ​ហ្គេ ​ព្រមទាំង​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​នៅ​កណ្តាល​សមុទ្រ​កាលពី​ថ្ងៃទី៣០​ខែធ្នូ ​ឆ្នាំមុន​បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់ខ្លួន​ចំនួន​៦​នាក់ ​នៅក្នុង​បន្ទប់​ទឹក​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជុង​ក​រួច​បង្ខំ​ឲ្យ​ពួកគេ​លោតទឹក​សមុទ្រ។

ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅ​ចំណុច​កោះ​ដំឡូង​ហើយ​ក្រោយពី​កើតហេតុ​រួចមក​ជនជាតិ រុស្ស៊ី​ទាំងបី​នាក់​ក៏​បើក​នាវា​ចេញដំណើរ​ចោល​ជនរងគ្រោះ។

ប៉ូឡុនស្គី សេ​ហ្គេ ​(Polonsky Sergei)​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ប្រើ​អំពើ​ហិង្សា។ ចំណែក​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ឃុបឃិត​និង​ផ្សំ​គំនិត។

ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ទៀត​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ពេលថ្មីៗ​មុន​នេះ។

លោក​តឹល សាមុត​អ្នកបកប្រែ​ភាសា​រុស្ស៊ី​និយាយថា​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​សម្តែង​ក្តី​រីករាយ​ប៉ុន្តែ​មិនបាន​និយាយ​អ្វី​ក្រៅពី​នោះ​ទេ។

«ពី​ព្រឹក​ម៉ិញ​គាត់​អត់​បាន​និយាយ​អី​ទេ​ពី​ព្រោះ​គាត់​ហាក់ដូច​ជាមាន​អារម្មណ៍​សប្បាយ​រំភើប​ពេក។ គាត់​គ្រាន់តែ​ចាប់​ឱប​ខ្ញុំ​តែ​ប៉ុណ្ណឹង​ហើយ​បាន​ចាប់ដៃ​លោក​មេធាវី»។

ចៅក្រម​និង​ព្រះរាជ​អា​ជ្ញា​ដែល​កាន់​សំណុំរឿង​សេដ្ឋី​រុស្ស៊ី​នេះ​មិនអាច​ទាក់ទង​បានទេ​ដោយសារតែ​ទូរស័ព្ទ​របស់​ពួក​អស់លោក​រោទិ៍​ដោយ​គ្មាន​អ្នកទទួល។

យ៉ាងណា​ក៏​ដោយ​មេធាវី​លោក​ឡុង សា​លុ​ច្ស​និយាយ​ថា​សំណុំរឿង​កូនក្តី​របស់​លោក​កំពុង​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត​នៅឡើយ​និង​មិនទាន់មាន​ការកំណត់​ពី​កាល​បរិច្ឆេទ​សវនាការ​ទេ។

លោក​តឹ​ល សាមុត ​ឲ្យ​ដឹងថា​សេដ្ឋី​រូបនោះ​បាន​ត្រឡប់​ទៅដល់​កោះដែកគោល​ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ៕
XS
SM
MD
LG