ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ឃុំ​ខ្លួន​ឈ្មួញ​ជាតិ​រុស្ស៊ី​បីនាក់​ពីបទ​ធ្វើ​បាប​បុគ្គលិក

  • គង់ សុឋានរិទ្ធ

​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១២ ​ថៅកែ​កោះពស់​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ដោយបាន​ប្រព្រឹត្ត​បទ​អនាចារ​ជាមួយ​កុមារ​កម្ពុជា។

លោក​តាំង សារ៉េត ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ណោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​តាម​ដីកា​របស់​ព្រះរាជ​អា​ជ្ញា​កាលពី​ថ្ងៃទី១​ខែមករា។

ភ្នំពេញ៖ សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចោទ​ឈ្មួញ​ជនជាតិ​រុស្ស៊ី​ចំនួន​៣នាក់​ពីបទ​សង្ស័យ​ថា​បាន​ឃុំខ្លួន​បុគ្គលិក​របស់​ខ្លួន​ចំនួន​បីនាក់​និង​បង្ខំ​ឲ្យ​ពួកគេ​លោតទឹក​សមុទ្រ​ដោយ​បោះបង់​ពួកគេ​ចោល។
លោក​ហួត វិចិត្រ ​ព្រះរាជ​អា​ជ្ញា​រង​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ​ថា​ជនជាតិ​រុស្ស៊ី​ទាំងបី​នាក់​បាន​ចាប់​បង្ខាំង​បុគ្គលិក​ទាំងនោះ។

«ខ្ញុំ​ផ្តើម​ចោទ​លើ​អង្គហេតុ​នោះ​គឺ​បទ​ហិង្សា​ដោយ​ចេតនា​និង​បទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់»។

លោក ប៉ូ ឡុនស្គី សេហ្គេ (PO LONSKIY SERGEY) អាយុ៤១ឆ្នាំ​និង​បុរស​រុស្ស៊ី​ពីរ​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​ក្នុង​លំហ​សមុទ្រ​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី៣០ខែធ្នូ​បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់​ខ្លួន​ចំនួន​បីនាក់​ក្នុង​បន្ទប់ទឹក​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជុង​នឹង​ក រួច​បង្ខំ​ឲ្យ​ពួកគេ​លោតទឹក​ចំណុច​កោះ​ដូង​ហើយក៏​បើក​នាវា​ចេញដំណើរ​ចោល​ពួកគេ។

នេះ​បើតាម​របាយការណ៍​ពី​កងរាជអាវុធហត្ថ​ខេត្ត។

ជនរងគ្រោះ​ត្រូវបាន​សង្គ្រោះ​ដោយ​កង​ល្បាត​សមុទ្រ​បន្ទាប់ពី​បុគ្គលិក​ជនជាតិខ្មែរ​ចំនួន​បីនាក់​ទៀត​បាន​លោតទឹក​នៅពេលដែល​នាវា​កំពុងធ្វើដំណើរ​ហើយ​ពួកគេ​បានឃើញ​នាវា​កង​ល្បាត។ ពួកគេ​បានផ្តល់​សញ្ញា​សុំ​ការជួយ​សង្គ្រោះ​ខណៈដែល​ជនជាតិ​រុស្ស៊ី​ទាំងបី​នាក់​បាន​ព្យាយាម​បើក​គេចខ្លួន។

បើតាម​ប្រភព​នានា​ឲ្យ​ដឹងថា​ជនជាតិ​រុស្ស៊ី​ទាំងបី​នាក់​គឺជា​ឈ្មួញ​មួយក្រុម​មានកម្ម​សិទ្ធិ​ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន​ពស់ ​វិនិយោគ​លើ​សណ្ឋាគារ​មួយ​នៅ​កោះដែកគោល ​និង​មាន​មុខរបរ​រួមផ្សំ​មួយ​ចំនួន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ។
លោក​តាំង សារ៉េត ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ណោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​តាម​ដីកា​របស់​ព្រះរាជ​អា​ជ្ញា​កាលពី​ថ្ងៃទី១​ខែមករា។

«មាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ»។

លោក​ព្រះរាជ​អា​ជ្ញា​រង ហួត វិចិត្រ ​មាន​ប្រសាសន៍​ថា​ប្រសិនបើ​តុលាការ​រកឃើញថា​មាន​កំហុស​ឈ្មួញ​រុស្ស៊ី​ទាំងបី​នាក់​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់៥ឆ្នាំ។
សូម​បញ្ជាក់​ថា​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១២ ​ថៅកែ​កោះពស់​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ដោយបាន​ប្រព្រឹត្ត​បទ​អនាចារ​ជាមួយ​កុមារ​កម្ពុជា៕
XS
SM
MD
LG