ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ខ្មែរ​ដក​ពាក្យ​បណ្តឹង​ប្តឹង​ថៅកែ​ជនជាតិ​រុស្ស៊ី​


A Cambodian woman gives massage to a tourist on the beach of Sihanoukville, some 185 kilometers (115 miles) southwest of Phnom Penh, Cambodia July 29, 2006. Cambodia's government has given its permission for six local and foreign companies to develop tou
A Cambodian woman gives massage to a tourist on the beach of Sihanoukville, some 185 kilometers (115 miles) southwest of Phnom Penh, Cambodia July 29, 2006. Cambodia's government has given its permission for six local and foreign companies to develop tou
ភ្នំពេញ​
បន្ទាប់ពី​មាន​ការ​ចរចា​ ជនរងគ្រោះ​ជនជាតិ​ខ្មែរ​ចំនួន​៦​នាក់​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី​ពី​បទ​បង្ក​ហឹង្សា​ដោយ​ចេតនា​និង​បង្ក​របួស​ស្នាម។ ​នេះ​បើតាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ជនជន​រងគ្រោះ។​
សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចោទ​ប្រកាន់ជនជាតិ​រុស្ស៊ី​ចំនួន​៣នាក់​ពី​បទ​សង្ស័យ​ថា​ បាន​ឃុំខ្លួន​បុគ្គលិក​របស់​ខ្លួន​ចំនួន​៦​នាក់​និង​បង្ខំ​ឲ្យ​ពួកគេ​លោត​ទឹក​សមុទ្រ​ក្នុង​គោល​បំណង​បោះបង់ពួក​គេ​ចោល។​

លោក​ប៉ូឡុនស្គី សេហ្គេ​ (Po Lonsky Sergie) ​អាយុ​៤១ឆ្នាំ​ និង​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​ក្នុង​កណ្តាល​សមុទ្រ​ដោយ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​៣០ខែធ្នូ​ បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់​ខ្លួន​ចំនួន​៦នាក់​នៅក្នុង​បន្ទប់ទឹក​ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជុង​ក​ រួច​បង្ខំ​ឲ្យ​ពួកគេ​លោត​ទឹក​នៅ​ចំណុច​កោះ​ដូង ​ហើយ​ក្រោយ​មក​ក៏​បើក​នាវា​ចេញ​ដំណើរ​ចោល​ពួក​គេ។​ នេះ​បើតាម​របាយ​ការណ៍​របស់​កងរាជ​អាវុធ​ហត្ថ​ខេត្ត។​

ជន​រងគ្រោះ​ត្រូវ​បាន​សង្គ្រោះ​ដោយ​កង​ល្បាត​សមុទ្រ​ បន្ទាប់ពី​បុគ្គលិក​ ជន​ជាតិខ្មែរ​បាន​លោត​ទឹក​ នៅ​ពេល​ដែល​នាវា​កំពុង​ធ្វើ​ដំណើរ​ ហើយ​ពួកគេ​បាន​ឃើញ​កង​នាវាល្បាត។​ ជនរង​គ្រោះ​បាន​ផ្តល់​សញ្ញា​សុំ​ការ​ជួយ​សង្គ្រោះ​ ខណៈដែល​ជន​ជាតិ​រុស្ស៊ី​ទាំងបី​នាក់​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន។​

បើតាម​ប្រភព​ពីក្រុង​ព្រះ​សីហនុ​បាន​ដឹង​ថា​ ជនជាតិ​រុស្ស៊ី​ទាំងបី​នាក់​គឺជា​ជំនួញ​ និង​មាន​កម្ម​សិទ្ធិ​ផ្ទះ​សំណាក់​និងភោជនីយដ្ឋាន​ពស់ ​និង​វិនិយោគ​លើ​សណ្ឋាគារ​មួយ​នៅ​កោះ​ដែកគោល​ព្រម​ទាំងមាន​មុខ​ជំនួញ​មួយ​ចំនួន​ទៀត។​
លោក​អ៊ូច សុភក្ត្រា​ មេធាវីការពារ​ក្តីជនរងគ្រោះជនជាតិ​ខ្មែរ​ទាំង​៦នាក់​ បាន​និយាយ​ថា​ លោក​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិញ​នេះ ​បន្ទាប់​ពី​មាន​ការ​ព្រមព្រាង​គ្នា​ជាមួយ​ជន​ជាប់ចោទ​ជនជាតិ​រុស្ស៊ី​ ដោយ​បាន​ផ្តល់​ប្រាក់​សំណង​សរុប​ចំនួន​២​ម៉ឺនដុល្លារ​សហ រដ្ឋ​អាមេរិក។​
«ពីព្រោះ​ខាង​គេចង់​សង​ដើម្បី​បញ្ចប់​ ​កុំឲ្យ​យើង​ប្តឹង​ទាមទារ​គេ​ តទៅ​ទៀត»។​

លោក​ព្រះរាជ​អាជ្ញារងហួត វិចិត្រ​បាន​បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​បាន​បង្វែ​សំណួរ​ឲ្យ​ទៅ​សួរ​លោក​ស្រី​ចៅក្រម​ស៊ លីនណា។​

«នីតិវិធី​នេះ​ផុត​ដៃ​អយ្យការ​ហើយ។ ​អញ្ចឹង​បង​អាចទាក់​ទង​ទៅ​ចៅក្រម​ស៊ើប​បាន​ ពីព្រោះ​នៅ​ក្នុង​ក្រម​នីតិ​វិធី​ការងារ​ស៊ើបសួរ​ជា​ការងារ​ដែល​មិន​អាច​ប្រាប់​បាន​ទេ។​ អញ្ចឹង​បង​អាចសួរ​ទៅ​ចៅក្រម​ស៊ើប​បាន»។​

វីអូអេ​បាន​ព្យាយាមទាក់ទង​អ្នក​ស្រីចៅក្រម​ស៊ លីនណា​តាម​ទូរស័ព្ទ​ដើម្បី​សុំសេចក្តី​ពន្យល់ ​តែ​មិន​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ហេង ធឿន​ អ្នក​មើល​ការ​ខុសត្រូវ​ផ្ទះ​សំណាក់​និង​ភោជនីយដ្ឋាន​ពស់​ដែល​ចេញ​មុខរៀបចំ​ការ​សម្រប​សម្រួល បាន​និយាយ​ថា ​ជន​រងគ្រោះ​បាន​សុខ​ចិត្ត​ទទួល​យក​សំណង​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំនួន​១០០០​ដុល្លារ។​

«មូលហេតុ​ថា​ ក្មេងៗ​ហ្នឹង​ គាត់​អាណិត​ថៅ​កែ​គាត់។ ​បើសិន​ណា​មាន​រឿង​រ៉ាវ​អញ្ចឹង ​គាត់​ឃើញ​ថៅកែ​ ដែល​គាត់​ធ្លាប់​រស់​នៅ​បួន​ដប់​ឆ្នាំ​មក​ហើយ​ មាន​មុខជូរ​រហូត ​ពីព្រោះ​ប្រហែល​ជា​គាត់​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ហ្នឹង​ដែរ»។​

លោក​ច័ន្ទ ចំរើន ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ បាន​និយាយ​ថា​ តាម​ផ្លូវ​ច្បាប់​ជាសិទ្ធិ​របស់​ជន​រងគ្រោះ​ក្នុង​ការ​ដក​ពាក្យ​បណ្តឹង។​ ក៏​ប៉ុន្តែ​រឿង​បណ្តឹង​អាជ្ញា​ ទោះបី​ជន​រង​គ្រោះ​ដក​ពាក្យ​បណ្តឹង​ក៏​ដោយ​ មិន​ដក​ពាក្យបណ្តឹង​ក៏​ដោយ​ ឲ្យ​តែ​លោក​ព្រះរាជ​អាជ្ញា​បាន​ដឹង​ក្នុង​រឿង​ហ្នឹង​គឺ​បណ្តឹង​អាជ្ញា​អត់​រលត់​ទេ​ នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ។​

លោក​បាន​និយាយ​ថា​ ចំពោះ​សំណុំ​រឿង​រដ្ឋប្បវេណី​ ជនរង​គ្រោះ​ដក​ពាក្យ​បណ្តឹង​នោះ​ជា​ការ​ស្រេច។​
លោក​បាន​បញ្ជាក់​ថា ​មក​ដល់​ពេលនេះ​ជនជាតិ​រុស្ស៊ី​ទាំង​បី​នាក់​កំពុង​ជាប់​ឃុំឃាំង​នៅ​ឡើយ ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត៕​
XS
SM
MD
LG