មន្ត្រី​សុខាភិបាល​ថា​ជនជាតិ​ប៉ាឡេស្ទីន​៩​នាក់​បាន​ស្លាប់​ដោយ​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល

មនុស្សដើរ​លើគំនរបាក់បែក​នៅ​ជំរំ​របស់ទីភ្នាក់ងារកិច្ចការ​ជំនួយ UN សម្រាប់ជនភៀស្លខ្លួនប៉ាឡេស្ទីន​កាលពីថ្ងៃទី​១២ កក្កដា​ ឆ្នាំ២០២៤។

មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​និយាយ​ថា​ ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាងតិច​ប្រាំបួន​នាក់​នៅ​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល​កាលពីថ្ងៃពុធ។

ការវាយប្រហារ​តាម​អាកាស​មួយ​បាន​ចំ​ផ្ទះ​មួយ​នៅ​តំបន់​ Al-Zawyda ​ដោយ​បាន​សម្លាប់​មនុស្ស​ ៨​ នាក់ ​ការវាយ​ប្រហារ​មួយ​ទៀតចំ​ជំរុំជន​ភៀស​ខ្លួន​ Nuseirat ​សម្លាប់​មនុស្ស​ម្នាក់។

ក្រុមមន្ត្រី​បាន​និយាយ​ថា ​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ជំរុំដដែល​នោះ​និង​បាន​សម្លាប់​មនុស្ស​២៣​នាក់​កាលពី​មួយ​ថ្ងៃ​មុន។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​ខ្លួន​បាន​វាយ​ប្រហារ​គោលដៅ​ចំនួន​២៥​នៅ​តំបន់​ហ្កាហ្សា​ ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​ក្នុង​រយៈពេល​មួយ​ថ្ងៃ​កន្លង​មក​។

ទន្ទឹមនឹង​នេះ​ដែរ ​ការវាយ​ប្រហារ​ដោយ​ឡែក​ពី​គ្នា​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ពីរនាក់​នៅ​ ក្រុង​ ​Rafah ​កាលពី​ថ្ងៃពុធ។ នេះ​បើ​យោង​តាម​ក្រុមគ្រូពេទ្យ​ក្នុង​ស្រុក។ អ្នកស្រុក​បាន​និយាយ​ថា​ផ្ទះ​រាប់សិប​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​រថក្រោះ​អ៊ីស្រាអែល​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង។ រថក្រោះ​ដែល​បាន​ដកថយ​យ៉ាង​ឆាប់រហ័ស ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅក្នុង​ទីក្រុង​ភាគច្រើន​ចាប់តាំង​ពី​ខែឧសភា​ ប៉ុន្តែ​បាន​ចាកចេញ​ពី​ផ្នែក​ភាគខាងជើង​នៃ​ទីក្រុង​នេះ​ដោយ​មិន​បាន​បំផ្លាញ​អ្វី​ទេ​។

កងកម្លាំង​អ៊ីស្រាអែល​ក៏បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ផងដែរ​នៅ​ភាគ​ខាងត្បូង​ប្រទេស​លីបង់​កាលពី​ថ្ងៃពុធ​នៅក្នុង​ការវាយ​ប្រហារ​ចុង​ក្រោយ​បំផុត​ដែល​ផ្តោត​លើ​ក្រុម​សកម្ម​ប្រយុទ្ធ Hezbollah។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​ការវាយប្រហារ​របស់ខ្លួន​ផ្តោតលើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្រុម​ Hezbollah ហើយ​កងកម្លាំង​អ៊ីស្រាអែល​ក៏បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាម​កំហែង​របស់​ពួក Hezbollah ​នៅក្នុង​តំបន់​ផងដែរ។

មេដឹកនាំ​ក្រុម Hezbollah ​លោក Sayyed Hassan Nasrallah​ បាន​និយាយ​ក្នុង​អំឡុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃពុធ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​នឹង​កំណត់​គោលដៅ​ថ្មីសម្រាប់​វាយ​ប្រហារ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ប្រសិនបើ​កងកម្លាំង​អ៊ីស្រាអែល​បន្ត​សម្លាប់​ជនស៊ីវិល៕