អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីនឹងឈរឈ្មោះសម្រាប់ការតែងតាំងធ្វើជាបេក្ខជនបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ខាងមុខរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងនឹងអតីតចៅហ្វាយនាយរបស់លោកស្រី គឺអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលធ្លាប់បានតែងតាំងលោកស្រីឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
លោកស្រី Haley មានអាយុ៥១ឆ្នាំ បានប្រកាសដូចនេះក្នុងសារវីដេអូមួយ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ដោយនិយាយថា «កំណាត់ត្រារបស់លោក Joe Biden គឺអាក្រក់ខ្លាំងណាស់។ វាដល់ពេលវេលាសម្រាប់អ្នកដឹកនាំជំនាន់ថ្មីហើយ»។
សារវីដេអូដែលមានរយៈពេលប្រមាណ៣នាទីកន្លះនេះ មិនបាននិយាយដល់លោកត្រាំនោះឡើយ។ លោកត្រាំកាលពីខែវិច្ឆិកាកន្លងទៅ ក៏បានប្រកាសឈរឈ្មោះស្វែងរកការតែងតាំងធ្វើជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋផងដែរ ដើម្បីព្យាយាមដណ្តើមយកតំណែងប្រធានាធិបតីអាមេរិកមកវិញ ដែលលោកបានចាញ់លោក Biden ក្នុងឆ្នាំ២០២០។ សារវីដេអូនេះ បានគូសបញ្ជាក់ពីការងាររបស់លោកស្រី Haley ក្នុងរដ្ឋ South Carolina កាលពីលោកស្រីនៅវ័យក្មេង ដែលមានប្រវត្តិជាកូនស្រីរបស់ជនអន្តោប្រវេសន៍ឥណ្ឌាអម្បូរ Punjabi Sikhs និងអំពីការដែលលោកស្រីបានក្លាយជាអភិបាលរដ្ឋ South Carolina ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ និងបានលាលែងពីតួនាទីជាអភិបាលរដ្ឋនោះ ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ នៅក្រោមរដ្ឋបាលរបស់លោកត្រាំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ផងដែរ។
លោកស្រីបានប្រកាសក្នុងវីដេអូនោះថា «ក្រុមអ្នកដឹកនាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើឱ្យយើងខកចិត្តម្តងហើយម្តងទៀត»។
អភិបាលរដ្ឋ Florida បច្ចុប្បន្នលោក Ron DeSantis ដែលអាចក្លាយជាគូប្រជែងមួយរូបទៀតរបស់លោកស្រី Haley ផងដែរនោះ នៅមិនទាន់ប្រកាសពីការឈរឈ្មោះជាផ្លូវការរបស់លោកនៅឡើយទេ ប៉ុន្តែអភិបាលរដ្ឋរូបនេះ មានពិន្ទុនាំមុខលោកត្រាំក្នុងចំណោមអ្នកបោះឆ្នោតសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិកាលពីដំបូងៗមួយចំនួន។
ប៉ុន្តែក្នុងការស្ទង់មតិនាពេលថ្មីៗបំផុតនេះ ដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ដោយទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos លោកត្រាំបានទទួលការគាំទ្រ ចំនួន៤៣ភាគរយ ពីក្រុមអ្នកចុះឈ្មោះបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ខណៈពេលដែលលោក DeSantis បានទទួលសំឡេងគាំទ្រ ៣១ភាគរយ លោក Pence បានសំឡេង៧ ភាគរយ ហើយលោកស្រី Haley បានចំនួនតែ៤ភាគរយប៉ុណ្ណោះ៕